(ភ្នំពេញ)៖ ទីបំផុតក្រុមកីឡាឈិនឡូនកម្ពុជា (សីដក់) បានឈ្នះមេដាយសំរឹទ្ធមុនគេហើយក្នុងចំណោម ២៤ប្រភេទកីឡារបស់ កម្ពុជាដែលបញ្ជូនទៅចូលរួមប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា មិនអាចការពារមេដាយមាសរបស់ខ្លួនដែលឈ្នះកាលពី SEA Games 2015 នៅប្រទេសសិង្ហបុរីបានឡើយ ក្រោយប្រកួតចាញ់ក្រុមឈិនឡូនមីយ៉ាន់ម៉ា ដោយលទ្ធផល ១៣៧-៩៤ពិន្ទុ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមុននេះបន្ដិច។ នេះបើតាមការជូនដំណឹងលើ Page របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ប៉ុន្ដែទោះបីបរាជ័យក្ដី ក៏ក្រុមកីឡាឈិនឡូនកម្ពុជា បានទទួលមេដាយសំរឹទ្ធដោយស្វ័យប្រវត្តិ ១គ្រឿងមុនគេ ក្នុងចំណោមប្រភេទកីឡាផ្សេងៗ ដែលនឹងធ្វើការប្រកួតនាពេលក្រោយផងដែរ។ ចំណែកការប្រកួតដណ្ដើមមេដាយ មាសវិញនោះ គឺក្រុមកីឡាឈិនឡូនមីយ៉ាន់ម៉ា ត្រូវជួបក្រុមកីឡាឈិនឡូនឡាវ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នេះ៕