(ឧត្តរមានជ័យ)៖​ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ​ មានពលរដ្ឋចំនួន៣នាក់ បាននាំគ្នា​ឡើងភ្នំ តំបន់ព្រំដែនកម្ពុជា-ថៃ​ ទៅអារ​គល់ធ្នង់ តែមិនទាន់បានផង ជាន់មីនផ្ទុះ​បណ្តាលមនុស្សម្នាក់រងរបួស​ធ្ងន់​​។ ហេតុការណ៍នេះ នៅទល់មុខភូមិសាស្ថ្រភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងមុននេះបន្តិចថា​​ ករណីជាន់មីនផ្ទះ​នៅ​ចំណុចលើខ្នងភ្នំ តំបន់ព្រំដែន មានប្រជាពលរដ្ឋចំនួន៣​នាក់ នៅភួមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង បានឡើងទៅអារ​គល់ធ្នង់ បណ្តាលឲ្យជាន់មីនផ្ទុះ ដាច់ជើងឆ្វេង របួសជើងស្តាំម្នាក់​ ឈ្មោះ​ សេង ​ស្រឿន ​ភេទប្រុស ​អាយុ៥៥ឆ្នាំ​ ជាអនុប្រធានភូមិដងទង់។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ចូនទៅព្យបាល​នៅមន្ទីរពេទ្យខេត្ត រីឯ​ពលរដ្ឋ២នាក់ទៀតមិនដឹងថា​រងរបួសឡើយ ព្រោះបានរត់គេចខ្លួនបាត់​​៕