(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រាប់ឲ្យក្រុមហ៊ុនសំណង់ «ប៊ូយ៉ុងថោន» ប្រើគ្រឿងចក្របុកស៊ីផាយ (រៀបជញ្ជាំងទប់ដី) រៀបចំឃឿន និងជញ្ជាំងដើម្បីទប់កុំឲ្យបាក់ ស្រុតដីតទៅទៀត នៅក្នុងការដ្ឋានសំណង់របស់ខ្លួន ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង បានដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យផ្ទាល់ នៅក្នុងការដ្ឋានសំណង់ ក្រុមហ៊ុន «ប៊ូយ៉ុងថោន» ដែលកំពុងបុកគ្រឹះសាងសង់អគារ ហើយការចុះពិនិត្យដោយផ្ទាល់នេះ បានកើតមានឡើងបន្ទាប់ពីមានហេតុការណ៍ បាក់ស្រុតដីនៅក្នុងការដ្ឋានមួយនេះ កាលពីប៉ុន្មានថ្ងៃមុន ដែលអាចនាំឲ្យប៉ះពាល់ដល់ផ្លូវសហព័ន្ធរុស្ស៊ី ដែលជាផ្លូវដ៏សំខាន់សម្រាប់ការធ្វើដំណើរ បើគ្មានវិធានការទាន់ពេលវេលានោះ។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រាប់ក្រុមអ្នកកាសែត នៅក្នុងការដ្ឋានសំណង់យ៉ាងដូច្នេះថា «ក្រុមហ៊ុនត្រូវយកគ្រឿងចក្របុកស៊ីផាយ ហើយកាលណា បុកស៊ីផាយបានភ្លាម យើងអាចទប់ទល់បាន បើសិនជាយើងមិនបុកស៊ីផាយបានទេ បញ្ហាអាចនឹងកើតមានឡើងហើយធំទៀតចំពោះផ្លូវនេះ (ផ្លូវសហព័ន្ធរុស្ស៊ី) ពីព្រោះផ្លូវនេះមានសាររបស់រាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាដែរ»

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកឡើងផងដែរថា កាលពីនៅជាអភិបាលរងរាជធានីភ្នំពេញ លោកតែងតែទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅ​ខណ្ឌទាំង៤ (ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក) ក្នុងរាជធានីភ្នំពេញ ដែលប្ដឹងពីការសង់អគារខ្ពស់ៗ សង់ខុនដូរ ដែលធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ពួកគាត់ ដូច្នេះលោកអំពាវនាវឲ្យក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវគោរពតាមបច្ចេកទេស និងសិក្សាឲ្យបានច្បាស់លាស់ មុនបើកការដ្ឋានសាងសង់ទាំងនេះ ជាពិសេសគឺការជីកស៊ីផាយនៅជុំវិញ ជៀសវាងកើតឡើងទំនាស់ដែលនាំឲ្យមានការបាត់បង់ និងខូចខាតទាំងសង្ខាង។

សូមស្តាប់ការលើកឡើង របស់អភិបាលរាជធានីភ្នំពេញ ខាងក្រោមនេះ៖