(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ឥទ្ធិពលភ្លៀងធ្លាក់នឹងបន្ដកើតមានឡើង នៅតំបន់មាត់សមុទ្រក្នុងខេត្តទាំង៤ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយសារតែទទួលរងឥទ្ធិពលសម្ពាធទាបដែលធ្វើដំណើរ មកដល់ផ្នែកខាងក្រោមនៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សូមបញ្ជាក់ថា កាលពីយប់មិញ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅខេត្តព្រះសីហនុ ដែលតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក គឺចំនួនទឹកភ្លៀងបានធ្លាក់ចុះរហូតជិត២០០មីលីម៉ែត្រ ដែលមានសភាពធ្ងន់ធ្ងរមែនទែន ខណៈដែលនៅរាជធានីភ្នំពេញ បើទឹកភ្លៀងធ្លាក់ត្រឹម៣០មីលីម៉ែត្រ នឹងលិចលង់ជាក់ជាមិនខាន។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ លោក ចាន់ យុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះឥទ្ធិពលសម្ពាធទាប ដែលបានកើតឡើង នៅសមុទ្រចិនខាងត្បូង បានធ្វើដំណើរមកដល់ផ្នែកខាងក្រោម នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលធ្វើឲ្យជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា នាំឲ្យភ្លៀងនៅបន្ដកើតមាន នៅតាមមាត់សមុទ្រក្នុងខេត្តទាំង៤ ហើយភ្លៀងធ្លាក់នៅថ្ងៃនេះ នឹងបន្ដពង្រីកឥទ្ធិពលទៅកាន់តំបន់ទំនាបកណ្ដាលភាគខាងកើត រួមមាន៖ ខេត្តព្រៃវែង ខេត្តស្វាយរៀង បូកទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ»

បើតាមអ្នកនាំពាក្យ ឥទ្ធិពលដដែលនេះ​នឹងបន្ដកើតមានឡើង នៅថ្ងៃទី១៨​-១៩ នៅតំបន់ទំនាបកណ្ដាលភាគពាយព្យ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម បូករួមទាំងតំបន់ខ្ពស់រាបផងដែរ ហើយឥទ្ធិពលនេះនឹងថយទៅវិញ នៅថ្ងៃទី២០ ខែសីហា។

ខណៈដែលកម្ពុជា នឹងជួបឥទ្ធិពលគ្រោះធម្មជាតិមួយនេះ អ្នកនាំពាក្យក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្លាចមានគ្រោះថ្នាក់ដោយយថាហេតុ។

កាលពីព្រឹកមិញលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ថា ដោយសារ​​រយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជោគជាំ រហូលដល់ព្រឹកនេះ ស្ថានភាពទឹកបានឡើងខ្លាំង លិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវជាតិ៣ ក្នុងឃុំទឹកថ្លា, ឃុំទឹកល្អក់, ​ឃុំសាមគី្គ និងឃុំមួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់​។

លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា ​ប៉ុន្តែក្នុង​អំឡុងពេលនេះ ការធ្វើចរាចរទៅមកបានជាធម្មតា​។ ដោយលោកបញ្ជាក់ថា កម្លាំងមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះ ​ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេង និងចាស់ជរា​។

បន្ថែមពីនេះ ​ស្នងការដ្ឋាននគរបាលខេត្ត បានចាត់កម្លាំងមួយចំនួនចុះទៅជួយជាបន្ទាន់ និងមួយចំនួនទៀត បានប្រមូលផ្តុំនៅស្នងការដ្ឋាន និងមធ្យោយបាយមួយចំនួនត្រៀមចុះទៅជួយ​អន្តរាគមន៍ បើស្ថានភាពទឹកមិនថមថយ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។

តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ​ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ។

នៅព្រឹកថ្ងៃដដែលនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ក៏បានដឹកនាំមន្ដ្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ចុះទៅពិនិត្យជាក់ស្ដែង នៅតំបន់ដែលត្រូវទឹកជន់លិចផងដែរ ដើម្បីមានវិធានការជួយអន្ដរាគមន៍ ពេលមានគ្រោះថ្នាក់កើតឡើងដោយយថាហេតុ។

ដោយឡែកលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ បានចាត់ឲ្យលោក​ឧត្តម​សេនីយ៍​ត្រី​ សាន់​ ប៊ុន​ថន​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ​ ​ដឹកនាំ​សហការី​ ចុះ​ពិនិត្យ​ជាក់ស្តែង​ ស្ថាន​ភាព​ទឹក​ជំនន់​នៅ​ ស្រុក​ព្រៃនប់​ ជាក់​ស្តែង​ មកដល់​តំបន់​វាល​ស្រែ​ក្រោម​ ប្រឡាយទទឹង ភូមិ​បែក​ក្រង់​ ឃុំ​ព្រៃ​នប់​។

បើតាមលោកស្នងការ «ស្ថាន​ភាព​ទឹក​ជំនន់​ មិន​មាន​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ នោះ​ទេ​។ គ្រាន់តែ​មានទឹក​ឡើង​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្លះ​ៗ​ ដែល​នៅ​តាម​តំបន់​ទំនាប​ ក្បែរ​ប្រឡាយ​ និង​មាត់​អូរ​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់អាយុ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋឡើយ»