(​ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត និងផ្គត់ផ្គង់ផលិតផលខ្មែរ ជាមួយអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត ដែលរៀបចំឡើង នៅ​ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យតំណាងវិស័យឯកជន ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីលើកជាសំណូមពរផ្សេងៗ មកកាន់​ធ្វើការដោះស្រាយតាមការសមស្រប។

​រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ធ្វើការរៀបចំសិក្ខាសាលានេះឡើង ដើម្បីកំណត់នូវបញ្ហាប្រឈម និងដាក់ចេញវិធានការណ៍ឆ្លើយតបនានា សំដៅលើកកម្ពស់ចង្វាក់ផលិតកម្ម និងជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ផលិតផលខ្មែរ។

​រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក៏បានលើកយកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានជាមធ្យម​៧% ក្នុងរយៈពេល​២ទសវត្សចុងក្រោយ និងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្វែងរកទីផ្សារជូនសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា។ លើសពីនេះ លោកក៏បានបង្ហាញជំហរគាំទ្រ ចំពោះការចាប់ដៃគូធុរកិច្ចរវាងម្ចាស់ផលិតផល និងអ្នកទទួលទិញនៅក្នុងសិក្ខាសាលា ដែលជាវឌ្ឍនភាពថ្មីមួយទៀត​ ក្នុងការលើកកម្ពស់កិត្យានុភាព នៃផលិតផលខ្មែរ។

សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ដែលបានរៀបចំដោយជោគជ័យ កាលពីឆ្នាំមុនបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹង ការជំរុញផលិតផលកម្ពុជាចូលទីផ្សារក្នុង និងក្រៅប្រទេស ត្រូវបានដោះស្រាយមួយកម្រិត។ ដោយឡែកសិក្ខាសាលាឆ្នាំនេះ ក៏រំពឹងថានឹងអាចស្វែងរកដំណោះស្រាយកាន់តែច្រើនថែមទៀត ដើម្បីជួយសម្រួលការអភិវឌ្ឍន៍វិស័យឯកជន និងការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា៕