(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី១៧ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប៉ុន្ដែត្រូវផ្អាកមួយថ្ងៃទៀតហើយ ព្រោះថាអាជ្ញាធរនៅផ្សារជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ មិនបានអនុញ្ញាតឡើង ហើយថ្ងៃស្អែកនឹងបន្ដធម្មតាវិញ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «យុទ្ធនាការថ្ងៃទី១៧នេះ ត្រូវបានផ្អាកមួយថ្ងៃទៀតហើយ ដោយសារផ្នែកខាងផ្សារជម្ពូវ័ន គេមិនអនុញ្ញាតឲ្យក្រុមការងាររបស់ ខ្ញុំធ្វើការរៃអង្គាសថវិកានៅចំណុចផ្សារនេះ​ឡើយ សូមបញ្ជាក់ថាក្រុមការងាររបស់ខ្ញុំមកដល់ផ្សារ​ជម្ពូវ័ននេះ នៅម៉ោង០៦៖១០នាទីព្រឹក»។​

សូមជម្រាបថា ការផ្អាកយុទ្ធនាការលើកនេះ ជាលើកទី២ហើយ បន្ទាប់ពីយុទ្ធនាការថ្ងៃទី០៩ នៅក្រុងកំពង់ចាម ក៏ត្រូវបានអាជ្ញាធរមិនអនុញ្ញាតផងដែរ ព្រោះថាអាជ្ញាធរចាំបាច់តម្រូវឲ្យលោកសុំច្បាប់អនុញ្ញាតិជាមុនសិន ហេតុនេះហើយទើបសម្រេច ពន្យាពេលមួយថ្ងៃតែម្ដង ដោយមួយថ្ងៃនេះលោកដាក់ជំនួសនៅថ្ងៃទី៣១វិញ។

លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងថា លោកនិងក្រុមការងារ ពិតរីករាយចំពោះសកម្មភាពរៃអង្គាសថវិកានេះ ដើម្បីជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ហើយការរៃអង្គាសនេះក៏ដោយសារគណៈកម្មការមុន មានព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀន...មិនអាចជួយរកថវិកាដើម្បីកសាងបាន។ លោក រួមនឹងក្រុមការងាររបស់លោក បានសម្រេចបើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌មានរយៈពេល៣០ថ្ងៃ។​

យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕