(ភ្នំពេញ)៖ ក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ក្រោមការដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងស្ថិតក្រោមការសម្របសម្រួលពី លោ​ក ឡុង ជាប ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងបញ្ចាំរថយន្ដ-ម៉ូតូ ក្នុងមូលដ្ឋានខណ្ឌ រកឃើញម៉ូតូ៩គ្រឿងគ្មាន​ឯកសារ​ត្រឹមត្រូវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពខណ្ឌ បាន​ចុះត្រួតពិនិត្យទីតាំង ទទួលបញ្ចាំម៉ូតូស្ថិតនៅផ្ទះលេខ១១០ ផ្លូវ​៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលមានម្ចាស់ទីតាំងឈ្មោះ ឡាយ សារុន ភេទ​ស្រី អាយុ​៤៣ឆ្នាំ សមត្ថកិច្ចយើងត្រួតពិនិត្យឃើញម៉ូតូសរុប៦គ្រឿង ម៉ូតូគ្មានឯកសារគ្រប់គ្រាន់​៣គ្រឿង បានដកហូតមករក្សាទុក​បណ្តោះអាសន្ន។ ដោយឡែក​ទីតាំងស្តុកម៉ូតូបញ្ចាំទុកមួយទៀត ជា​របស់ឈ្មោះ ឡាយ សារុន ស្ថិតនៅផ្ទះលេខ៩៥ ផ្លូវ​៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារ​អំពៅ១ មានម៉ូតូចំនួនសរុបទាំងអស់​៧៥គ្រឿង ម៉ូតូគ្មានឯកសារ ០៦គ្រឿង និងការដកហូតរក្សាទុកជាបណ្តោះអាសន្ន។

ជារួមម៉ូតូ៩គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវតាមច្បាប់នោះ ​កម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ​ច្បារអំពៅជាបណ្តោះអាសន្ន ដែលសមត្ថកិច្ចកំពុងអំពាវនាវរកម្ចាស់ ដូច្នេះហើយសម្រាប់អ្នកដែលធ្លាប់បានម៉ូតូ ដោយសារអំពើលួច កាច់ក និងប្លន់ សូមទៅពិនិត្យនៅអធិការដ្ឋាននគរបាលខណ្ឌ។

សូមជម្រាបថា ​ប្រតិបត្តិការចុះឆែកតាមឃ្លាំងទទួលបញ្ចាំរថយន្ដ-ម៉ូតូ ពេញមួយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ នៅខណ្ឌសែនសុខ និងខណ្ឌទួលគោក​ឯណោះវិញ កម្លាំងសមត្ថកិច្ចរកឃើញរថយន្ដ និងម៉ូតូប្រមាណ១០០គ្រឿងគ្មានឯកសារត្រឹមត្រូវ ហើយក៏កំពុងអំពាវនាវរកម្ចាស់កម្មសិទ្ធិមកទទួលយកវិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ និងរថយន្តនាពេលកន្លងមក ដោយសារអំពើប្លន់ លួច កាច់ក និងឆបោកជាដើម។

ប្រតិបត្តិការដ៏ក្ដៅគគុកនេះត្រូវបានធ្វើឡើង បន្ទាប់ពីបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ត្រូវចុះពិនិត្យទីតាំងបញ្ចាំទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះក្រែងមានករណីទទួលផលចោរកម្មណាមួយកើតឡើង។

យ៉ាងណាមិញ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចនៅតែម្ដងរហូត ដោយធ្វើឡើងដូចភ្លៀងរលឹម ដើម្បីចូលរួមក្នុងការកាត់បន្ថយ​បទល្មើសដែលធ្លាប់កើតមាននៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែ​ប្រសើរឡើងថែមទៀត៕