(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ តំណាងគណបក្សអំណាចខ្មែរ២រូប ដែលក្នុងនោះមាន លោក សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរដែរនោះ បានចូលជួបតំណាងក្រសួងមហាផ្ទៃ នៅទីស្តីការរបស់ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការអនុវត្តច្បាប់គណបក្សនយោបាយ។

ជំនួបនេះ បានធ្វើឡើងតាមការកោះអញ្ជើញរបស់ក្រសួងមហាផ្ទៃដែលចេញដោយ លោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ ដែលបង្គាប់ឱ្យតំណាងគណបក្សអំណាចខ្មែរចំនួន២នាក់ ចូលជួបពិភាក្សាស្តីពីច្បាប់គណបក្សនយោបាយ ជាការប្រញាប់បំផុត នៅព្រឹក១៧ ខែសីហា ឆ្នាំ២០១៧នេះ។

សូមជម្រាបថា ការចេញលិខិតអញ្ជើញតំណាងគណបក្សអំណាចខ្មែរនេះ ធ្វើឡើងបន្ទាប់ពី អតីតមេបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទីអាទិត្យ ទី១៣ ខែសីហា កន្លងទៅនេះ ក្រោយបានសរសេរអត្ថបទវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេទ័ពកម្ពុជា ពាក់ព័ន្ធនឹងការការពារបូរណភាពទឹកដី និងវិធីដោះស្រាយវិវាទជាមួយប្រទេសឡាវ។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការឃុំខ្លួន ក្រោមការ ចោទប្រកាន់ចំនួន ៣បទល្មើសរួមមាន៖

១៖ បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ
២៖ បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ
៣៖ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕