(ភ្នំពេញ)៖ ជនដែលបាញ់រថយន្ដក្រុង «បូព៌ាអាស៊ីដឹកអ្នកដំណើរ» ព្រោះខឹងបុករថយន្ដរបស់ខ្លួន ហើយមិនព្រមដោះស្រាយបែរជាបើកយ៉ាងលឿនរត់គេចនោះ ពេលនេះកំពុងស្ថិតក្រោមការសួររបស់នគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់វិធានការបន្ដ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ជនដែលបាញ់ទៅលើរថយន្ដក្រុង ដោយសារបង្កគ្រោះថ្នាក់ចរាចរណ៍នៅយប់មិញនេះ នៅព្រឹកនេះ​កំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញ ដើម្បីបញ្ជូនបន្ដទៅតុលាការ។

ក្រោយហេតុការណ៍ភ្លាមនៅយប់មិញនេះ អង្គភាពព័ត៌មាន Fresh News បានទទួលព័ត៌មានបឋមពីសមត្ថកិច្ចថា ជនបង្ក​ឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ មុខរបរនៅបន្ទាយវីរៈ៤៩៩ (ទាហាន) ប៉ុន្ដែនៅព្រឹកនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ក្រោយការសួរនាំជននេះ ជាជនស៊ីវិលមិនមែនជាអង្គរក្ស ហើយក៏គ្មានក្របខណ្ឌកងទ័ពដែរ។

នាយឧត្តមសេនីយ៍បញ្ជាក់ថាយ៉ាងដូច្នេះថា «​មិនមែនជាអង្គរក្សទេ និងគ្មានក្របខណ្ឌកងទ័ពទេ គឺជាជនស៊ីវិល ដែលប្រើប្រាសអាវុធខុសច្បាប់។ ត្រូវបញ្ជូនទៅតុលាការ ក្នុងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ផ្ទុះអាវុធអនាធិបតេយ្យ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ»

សូមជម្រាបថា មានករណីផ្ទុះអាវុធ​ប្រមាណជិត១០គ្រាប់ ​នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវ៥៩៨ ​មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមជនដែលបានបាញ់ប្រហារ ទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន​ «បូព៌ាអាស៊ីដឹកអ្នកដំណើរ» បានបុក​រថយន្ដរបស់ខ្លួន​ហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយ ពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។

មួយវិញទៀត ​បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀរ​រថយន្ដព្រូស ក្រោយមករថយន្ដក្រុងនោះមិនបានឈប់ដោះស្រាយ​ទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង​ ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរ​បួ​សនោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បាន​ដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុក​បណ្ដោះអាសន្នសិនផងដែរ៕