(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះថា ដោយសារ​​រយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជោគជាំ រហូលដល់ព្រឹកនេះ ស្ថានភាពទឹកបានឡើងខ្លាំង លិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវ

ជាតិ៣ ក្នុងឃុំទឹកថ្លា, ឃុំទឹកល្អក់, ​ឃុំសាមគី្គ និងឃុំមួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់​។

លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា ​ប៉ុន្តែក្នុង​អំឡុងពេលនេះ ការធ្វើចរាចរទៅមកបានជាធម្មតា​។ ដោយលោកបញ្ជាក់ថា កម្លាំងមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះ ​ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេង និងចាស់ជរា​។

បន្ថែមពីនេះ ​ស្នងការដ្ឋាននគរបាលខេត្ត បានចាត់កម្លាំងមួយចំនួនចុះទៅជួយជាបន្ទាន់ និងមួយចំនួនទៀត បានប្រមូលផ្តុំនៅស្នងការដ្ឋាន និងមធ្យោយបាយមួយចំនួនត្រៀមចុះទៅជួយ​អន្តរាគមន៍ បើស្ថានភាពទឹកមិនថមថយ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។

តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ​ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕