(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលរស់នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិសេសបងប្អូនជនជាតិភាគតិចជង និងជនជាតិពណ៌ បានបង្ហាញពី បំណងចង់ឃើញផ្លូវដ៏លំបាកមួយខ្សែ ប្រវែងប្រមាណ៦០គីឡូម៉ែត្រ ភ្ជាប់ពីតំបន់ទេសចរណ៍ធម្មជាតិអូរសោម ទៅដល់ទីរួមស្រុកវាលវែង ប្រែក្លាយជាផ្លូវមួយដែល ងាយស្រួលក្នុងការធ្វើដំណើរទៅមក ក៏ដូចជាជំរុញកំណើនទេសចរឲ្យមកទស្សនាតំបន់នេះកាន់តែច្រើនផងដែរ។

ក្រុមការងារកម្មវិធី «មែកសឺដែស និងកំណប់អាថ៌កំបាំង» បានចុះទៅទីនោះបង្ហាញឲ្យដឹងថា ជាការពិតណាស់ ដើម្បីទៅដល់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិអូរសោម ភ្ញៀវទេសចរចាំបាច់ត្រូវឆ្លងកាត់ផ្លូវមួយខ្សែខាងលើ ដែលមានស្ថានភាពដ៏លំបាក លំបិនវែងឆ្ងាយ ប្រើពេលយូរ ដោយសារគំហុកក្រលុកជ្រៅៗ ផ្អៀងផ្អងឆ្វេងស្តាំ ទឹកហូរច្រុះដាក់ផ្ទៃផ្លូវដោយកន្លែង ឡើងចុះចំណោត កាត់ស្ពានចំណាស់ ពោលនៅកន្លែងខ្លះនៃផ្លូវនេះ បើពេលភ្លៀងម្ដងៗគឺមិនអាចធ្វើដំណើរបានឡើយ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក នួន លីម ម្ចាស់ផ្ទះស្នាក់បៃតងដ៏ល្អសោភ័ណមួយ នៅលើភ្នំសំកុស ស្ថិតក្នុងឃុំអូរសោម បានឲ្យដឹងថា លោកចង់ឲ្យអាជ្ញាធរពន្លឿនការជួសជុលផ្លូវប្រវែង៦០គីឡូម៉ែត្រ មួយខ្សែខាងលើនេះណាស់ ដោយសារលោកឃើញប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជារូបលោកផ្ទាល់ មានការលំបាកណាស់ក្នុងការធ្វើដំណើរទៅមកតំបន់អូរសោមនេះ។

លោកថា ប្រជាពលរដ្ឋ បងប្អូនជនជាតិភាគតិចត្រូវការដឹកកសិផល និងផលិតផលនានា ទៅលក់នៅទីរួមស្រុកវាលវែង និងទីរួមខេត្តពោធិ៍សាត់ផងដែរ ភ្ញៀវទេសចរត្រូវការធ្វើដំណើរទៅមកកម្សាន្តតំបន់ទេសចរណ៍នានា ក្នុងតំបន់អូរសោម តំបន់ជួរភ្នំក្រវាញ និងតំបន់មួយចំនួនទៀត និងអ្នកដំណើរជិតឆ្ងាយ ផ្សេងទៀតដែលពួកគាត់ពិតជាត្រូវការផ្លូវមួយខ្សែនេះជាចាំបាច់។ ប៉ុន្តែទេសភាពធម្មជាតិ និងស្ថានភាពផ្លូវលំបាកនេះ ក៏ជាចំណាប់អារម្មណ៍មួយដ៏ពិសេស សម្រាប់ក្រុមអ្នកទេសចរណ៍បែបផ្សងព្រេង ឬអ្នកទេសចរដែលចូលចិត្តសកម្មភាពទេសចរណ៍លំបាកៗ ជាមួយការជិះម៉ូតូប្រភេទឡើងភ្នំផងដែរ។

បើតាមលោក នួន លីម តំបន់ទេសចរណ៍អូរសោមនេះ ពិតជាមានទេសភាពធម្មជាតិស្រស់ត្រកាល គួរជាទីប្រតិព័ត្តខ្លាំងណាស់ ដែលមានសក្តានុពលគ្រប់គ្រាន់ ក្នុងការបង្អួតចក្ខុទេសចរជាតិ-អន្តរជាតិបាន ហើយបច្ចុប្បន្ននេះដែរ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណជិត១០០នាក់ បានតស៊ូចូលមកទស្សនា តំបន់នេះក្នុងមួយខែៗ។

ជាក្ដីសង្ឃឹមដ៏អន្ទះសារ ប្រសិនបើផ្លូវប្រវែង៦០ម៉ែត្រនេះ ត្រូវបានជួសជុសរួចរាល់មែន លោក លីម ជឿជាក់ថា នឹងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ថែមទៀតឲ្យទស្សនាតំបន់នេះ ក៏រឹតតែជួយបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

សូមជម្រាបថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មានកន្លែងកម្សាន្តជាច្រើនកន្លែង ក្នុងមានដូចជា ជម្រកក្រពើភ្នំ ទឹកធ្លាក់ត្រជាក់ចិត្ត សហគមន៍ជនជាតិដើមភាគតិច ចម្ការផ្លែស្ត្ររបឺរី ដើមក្រវាញដែលជាបន្លែដ៏ឆ្ងាញ់ពិសា និងជាឱសថដ៏ពូកែស័ក្តិសិទ្ធិ ក៏ដូចជាព្រៃភ្នំក្រំថ្ម និងធម្មជាតិដ៏ស្រស់បំព្រង គួរជាទីទាក់ទាញជាច្រើនកន្លែងទៀត៕