(ភ្នំពេញ)៖ ដោយមើលឃើញ នូវតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាឲ្យបាន នូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមត្ថភាព សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី «ការជំរុញ STEM ក្នុងវិស័យអប់រំ» ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដើម្បីផ្តល់ជាប្រយោជន៍ដល់សិស្ស និស្សិត សាស្រ្តាចារ្យ ក្នុងការស្វែងយល់លើជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

សិក្ខាសាលានេះ បានរៀបចំដោយមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សហការជាមួយអង្គការ STEM Cambodia និងក្រុមហ៊ុន EZECOM ដែលជាដៃគូ បានលើកយកចំណុចសំខាន់ពីជំនាញ STEM ដែលមាននៅក្នុងក្រុមហ៊ុន និងអង្គការ ឬបានដាក់ជាគោលនយោបាយ សម្រាប់រយៈពេលវែង របស់ក្រុមហ៊ុន ឬអង្គការ។

ក្នុងនោះលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានលើកយកការសិក្សា ការអនុវត្ត មកធ្វើបទបង្ហាញអំពីការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានផ្សារភ្ជាប់ការអនុវត្ត STEM និងព្រមទាំងបានពន្យល់ ពីឱកាសការងារ ដែលទទួលបាន បន្ទាប់ពីបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលពាក់ព័ន្ធ និងSTEM ដូចជា៖
និស្សិត បានពន្យល់ពីការអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, ទទួលបានការងារខ្ពស់ពាក់ព័ន្ធទៅនឹង វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, បានស្វែងយល់ពីស្ថាប័ន ដែលមានតម្រូវការពាក់ព័ន្ធនឹង វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, ទទួលបានប្រាក់ខែខ្ពស់លើការងារផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងការជំរុញការសិក្សាស្រាវជ្រាវ លើមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

លោក សាកលវិទ្យាធិការរង ក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានអង្គភាព មហាវិទ្យាល័យ និងមជ្ឈមណ្ឌលចំណុះចំនួន០៧គឺ៖ ១.អង្គភាពគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រ, ២.មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា, ៣.មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា,៤.មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
, ៥.មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច, ៦.មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ, ៧.មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។

លោក សិត បូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានផ្តល់បទសម្ភាសន៍បញ្ជាក់ថា ដើម្បីចូលរួមចំណែកកសាងធនធានមនុស្សផ្នែក STEM និងស្របតាមគោលនយោបាយអភិវឌ្ឍន៍ STEM របស់ក្រសួងអប់រំ យុវជន និងកីឡា នេះឲ្យកាន់តែខ្លាំងឡើង ក៏ដូចជាឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត (តាមរបាយការណ៍របស់អង្គការ CDRI ឆ្នាំ២០១៥ កម្ពុជាត្រូវការវិស្វករ ៣៥,០០០នាក់ អ្នកបច្ចេកទេស ៤៦,០០០នាក់ ដើម្បីកម្ពុជាទទួលបានកំណើនផលទុន ក្នុងស្រុកសរុប(GDP)ចន្លោះពី៦ ទៅ៨ភាគរយក្នុងរយៈពេលប្រាំឆ្នាំទៅមុខ) សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននឹងកំពុងរៀបចំបើកវគ្គបណ្តុះបណ្តាល លើមុខរបរជាច្រើន ទាក់ទងទៅនឹងវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ដែលបណ្តុះបណ្តាលរយៈពេលខ្លី០៣ខែ ០៦ខែ ១២ខែ ២៤ខែ ។

មុខរបរទាំងនោះ មានដូចជា៖ ១.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារកម្រិត១ និង២, ជួសជុលបរិក្ខារអគ្គិសនី, ជួសជុលដុំម៉ូទ័រ /ដុំភ្លើង, ៤.ប្រព័ន្ធបញ្ជាម៉ូទ័រ(បូមទឹក), ៥.ដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព, ៦.អគ្គិសនីប្រើថាមពលព្រះអាទិត្យ

សូមជូនដំណឹងផងដែរថាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងបើកពិព័រណ៍ ICT ឆ្នាំ២០១៧ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅទីតាំងអគារមាស ជាន់ទី៣ និងទី៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប៕