(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលកំពុងត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀននោះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើលិខិតសុំទោស ថ្នាក់ដឹកនាំ សមាជិករបស់គណបក្សខ្មែររួបរួមជាតិទាំងអស់ ចំពោះកំហុសរបស់លោក ដែលនាំឱ្យខាតប្រយោជនរួមរបស់គណបក្សខ្មែររួបរួមជាតិ។

ក្នុងលិខិតរបស់ លោក ញឹក ប៊ុនឆៃ ដែលបានបង្ហោះនៅលើទំព័រ Facebook រនៅព្រលប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «ខ្ញុំ មានសេចក្តីសោកស្តាយ និងវិប្បដិសារីយ៉ាងខ្លាំង ដែលមិនអាចបន្តបេសកកម្មរស់ជាមួយគ្នា ធ្វើការងារដើម្បីគណបក្សខ្មែររួបរួមជាតិ ដែលជា សមិទ្ធផលរបស់សហជីវិនី សហជីវិនទាំងអស់គ្នា ដោយសារតែការសម្រេចចិត្តខុសឆ្គងរបស់ខ្ញុំ។ ក្នុងន័យនេះ ខ្ញុំ សូមគោរពសម្តែងជូន នូវការសារភាពកំហុសទាំងស្រុង ដោយស្មោះស្ម័គ្រ និងសុទ្ធចិត្ត ដែលបានប្រព្រឹត្តមិនគប្បីចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាផលវិបាក នាំមកនូវការខូចខាតប្រយោជន៍រួម របស់គណបក្សខ្មែររួបរួមជាតិ ដែលបងប្អូនបានកសាងរួមគ្នា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូន ដែលបានបាត់បង់តួនាទី មុខតំណែង និងប៉ះពាល់ដល់អនាគត ព្រមទាំងប្រឈមនឹងការលំបាកជាយថាហេតុ»។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងរបស់លោក ពីទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ដ្រី និងបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា អតីតសម្ព័ន្ធមិត្ត ជាមួយគណបក្សកាន់អំណាចរូបនេះ បានទាក់ទងជាមួយនឹង លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំងដោយសម្ងាត់។

លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការឃុំខ្លួន នាថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០១៧ ដោយបានធ្វើការចោទប្រកាន់ ចំនួន២បទល្មើស ក្នុងនោះរួមមានពីបទ «សមគំនិតក្នុងបទល្មើសផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន»

នៅក្នុងលិខិតរបស់ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា លោកស្នើសុំការយោគយល់ពីថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សខ្មែររួបរួមជាតិ ចំពោះកំហុសឆ្គងនេះ។ ដោយឡែសម្រាប់ ជោគវាសនា គណបក្សខ្មែររួបរួមជាតិវិញនោះ លោកស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិកធ្វើការសម្រេច តាមបែបប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា នាថ្មីៗនេះ ថ្នាក់ដឹកនាំ សមាជិករបស់គណបក្សខ្មែររួបរួមជាតិច្រើន បានទៅចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្វើឱ្យគណបក្សនេះ សឹងតែអស់ក្បាលម៉ាស៊ីន បន្ទាប់ពីមានការចាប់ខ្លួន លោក ញឹក ប៊ុនឆៃ៕