(ភ្នំពេញ)៖ តារាកំប្លែងមានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ ពែកមី ក្រៅពីការងារសិល្បៈកំពុងតែមមាញឹក តារារូបនេះ​បានចូលរួមជួយសង្គមជាច្រើន ដូចជាការស្វែងរកថវិកា ជួយដល់ជនក្រីក្រ និងកាយវិកាសប្បុរសធម៌ជាច្រើនទៀត។ ជាក់ស្ដែង​ ការងារជួយសង្គមទាំងនេះ លោកបានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក​ដើម្បីស្វែងរកសប្បុរសជន ក៏ដូចជាចែករំលែករឿងរ៉ាវ សប្បុរសធម៌នានា ប៉ុន្ដែជាអកុលស កាលពីប៉ុន្មានម៉ោងនេះ មានដំណឹងថា គណនី​ដ៏មានតម្លៃរបស់លោក ត្រូវបានចោរលួចហើយ។ ព័ត៌មានទាំងនេះ គឺទម្លាយតាមរយៈការ Live វីដេអូ របស់លោក ហេង ឡុង។

បើយោងតាមការ ​Live វីដេអូនេះ លោក ហេង ឡុង បាននិយាយថា «គណនីហ្វេសប៊ុករបស់ នាយ ពែកមី ត្រូវបានចោរលួចបាត់ទៅហើយ ពេលនេះនាយ ពែកមី កំពុងមានទុក្ខជាទម្ងន់។ គាត់នៅមិនសុខទេ ព្រោះពេលនេះ​គាត់កំពុងនៅថតកម្មវិធី «ពេញចិត្តឬអត់» ហើយគាត់និយាយ​ទាំងកំប្លែងប្រាប់ខ្ញុំថា បើប្រពន្ធលែងចោល ក៏មិនស្មើ​នឹងហ្វេសប៊ុក ត្រូវបានចោរលួចនោះដែរ»

លោក ហេង ឡុង បាននិយាយបន្ដថា «គាត់និយាយនេះ គឺក្នុងន័យប្រៀបធៀបទេ គឺបានន័យថា ហ្វេសប៊ុកនេះ គឺមានសារៈសំខាន់សម្រាប់​គាត់ណាស់ សព្វថ្ងៃគាត់ ធ្វើសកម្មភាពមនុស្សធម៌ គាត់ជួយសង្គម គឺផ្អែកទៅលើ គណនីហ្វេសប៊ុករបស់គាត់ ហើយបានអាចផ្សព្វផ្សាយព័ត៌មាន ជូនសប្បុរសជនបាន។ ជាក់ស្ដែងដូចជា រឿងរបស់លោក អ៊ិត សេដ្ឋា គឺនាយពែកមី និង​ខ្ញុំ​អត់បាយអត់ទឹក ក្នុងការស្វែងរកសប្បុរសជន តាមរយៈហ្វេសប៊ុក​របស់គាត់ជាដើម....​»

គួរបញ្ជាក់ថា ពេលនេះ នាយ ពែកមី កំពុងតែសោកស្ដាយ ទន់ដៃទន់ជើងយ៉ាងខ្លាំង​ ហើយលោក និងក្រុមបច្ចេកទេសមួយចំនួន កំពុងតែស្វែងរកវិធីសាស្រ្ដ ដើម្បីទាយយកគណនីហ្វេសប៊ុក របស់គាត់មកវិញផងដែរ។

សូមទស្សនាវីដេអូ ប្រមាណ៥ នាទី ដែលលោក ហេង ឡុង បានធ្វើការបញ្ជាក់ឲ្យមហាជន​បានដឹង រឿងគណនីហ្វេសប៊ុកត្រូវបានគេលួច៖