(ភ្នំពេញ)៖ ​កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ មានការចូលរូមពីនគរបាល និងអាជ្ញាធរមូលដ្ឋាន នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ជនជាតិចិនមួយក្រុមរហូតជាង១០០នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet។

ប្រតិបត្តិការដែលដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានធ្វើឡើងនៅក្នុងខុនដូមួយកន្លែង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ជនជាតិចិនជាង១០០នាក់ (កំពុងរាប់) ត្រូវបានឃាត់ខ្លូនពាក់ព័ន្ធ ការជំរិតទារប្រាក់តាមប្រព័ន្ធ Internet ដែលពួកគេបានលួចធ្វើសកម្មភាពនៅក្នុងខុនដូរមួយនេះ។

ទន្ទឹមនឹងការឃាត់ខ្លួន ជនជាតិចិន ដែលមានស្រីមានប្រុសខាងលើនេះ កម្លាំងនគរបាលក៏បានរកឃើញ និងដកហូតសម្ភារៈជាច្រើនផងដែរ ដែលពួកគេទុកសម្រាប់ប្រើប្រាស់ ប្រព្រឹត្តបទល្មើសទាំងនេះ៕