(ភ្នំពេញ)៖ ម្រេចនៅតែជាដំណាំ ដែលមានសក្តានុពល សម្រាប់ការនាំចេញរបស់កម្ពុជា ខណៈផ្ទៃដីដំាម្រេចបាន និងកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។

ក្រសួងពាណិជ្ជកម្ម ចាត់ទុកថា ម្រេច គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលចំនួន១៩មុខ ដែលសក្តានុពលនាំចេញរបស់កម្ពុជា។

គិតត្រឹមខែឧសភា ឆ្នាំ២០១៧ ដំណាំនេះ ត្រូវបានឃើញរីកដុះដាល នៅក្នុងខេត្តចំនួន១៩ ចាប់ពីតំបន់និរតី រហូតដល់តំបន់ពាយ័ព្យ និងភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដុះសរុបប្រមាណ៦,៦៧៨ហិកតា ហើយផ្តល់ទិន្នផល ២០,០៥០តោន។

ក្រសួងពាណិជ្ជកម្មបានលើកឡើងទៀតថា បន្ទាប់ពីកាត់ទុកសម្រាប់ប្រើប្រាស់ ក្នុងស្រុកប្រមាណ៣០០តោន ម្រេចត្រូវបាននាំចេញទៅទីផ្សារក្នុងតំបន់ និងទីផ្សារប្រទេសជប៉ុន កូរ៉េ តៃវ៉ាន់ សហគមន៍អឺរ៉ុប និងអាមេរិក ជាដើម។

ជាមួយគ្នានេះ ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម នាសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ខ្លួននឹងរៀបចំវេទិកាម្រេចលើកទី១ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ជាពិសេសប្រែក្លាយកសិករ និងសមាគមម្រេច ឲ្យចេះធ្វើពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈ និងជំនាញ។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អម្រឹត រុងរឿង ដែលកំពុងបោះទុនវិនិយោគ នូវប្រាក់ចំនួន៤០ម៉ឺនដុល្លារ បើករោងចក្រកែច្នៃម្រេច នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីនាំចេញបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ម្រេចគឺផលិតផលមួយដ៏មានសក្តានុពលរបស់កម្ពុជា សម្រាប់ការនាំចេញ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្នម្រេច (មិនមែនម្រេចកំពត) មានតម្លៃ១៨០០០រៀលក្នុង១គីឡូក្រាម ដោយភាគីវៀតណាម​ អ្នកប្រមូលទិញ ដើម្បីនាំចេញទៅប្រទេសចិន។   

ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន ក៏បានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពន្លឿនកិច្ចព្រមព្រៀង ភូគាមអនាម័យ ផលិតផលម្រេចជាមួយប្រទេសចិន ឲ្យបានឆាប់ ដើម្បីឲ្យកម្ពុជា នាំចេញម្រេចផ្ទាល់ទៅកាន់ប្រទេសចិន ព្រោះបច្ចុប្បន្ន គឺនាំចេញទៅតាមប្រទេសវៀតណាម ធ្វើឲ្យម្រេចកម្ពុជា ក្លាយជាម្រេចវៀតណាម មុននឹងនាំចេញទៅចិន៕