(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានធ្វើការណែនាំធ្ងន់ៗ ទៅដល់ម្ចាស់ទីតាំងកុងស៊ីទទួលបញ្ចាំ២៤ម៉ោង លើ២៤ម៉ោងចំនួន២កន្លែង ដាច់ខាត ត្រូវតែបន្ថយម៉ោងទទួលបញ្ចាំ ឲ្យមកនៅត្រឹមម៉ោង ដែលរដ្ឋបាលធ្វើការវិញ ព្រោះទីតាំងទទួលបញ្ចាំនីមួយៗ អាចជាជម្រករបស់ជនល្មើស ក្នុងការទទួលផលចោរកម្ម ពីសកម្មភាពលួច ឆក់ ប្លន់ និងអាចប្រឈមការបិទអាជីវកម្មចោលផងដែរ ប្រសិនបើរកឃើញ ពុំមានលិខិតអនុញ្ញាត «អាជ្ញាប័ណ្ណ» ត្រឹមត្រូវ។

លើសពីនេះ លោក ជា ពិសី បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចធ្វើការ ដកហូតម៉ូតូចំនួន៤គ្រឿង ដើម្បីយកទៅរក្សាទុក និងប្រកាសបិទចោលជាបណ្ដោះអាសន្ន ចំពោះអាជីវកម្ម ទទួលបញ្ចាំមួយកន្លែង បន្ទាប់ពីធ្វើការត្រួតពិនិត្យ បានរកឃើញថា «អាជ្ញាប័ណ្ណហួសសុពលភាពទៅហើយ» និងពុំមានឯកសារជាក់លាក់ ក្នុងការទទួលបញ្ចាំ ដោយរងចាំម្ចាស់ទីតាំងធ្វើបែបបទលិខិតស្នាមឲ្យបានត្រឹមត្រូវ រួមនិងយកឯកសារទាំងឡាយ ដែលពាក់ព័ន្ធ និងម៉ូតូមកផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់ ទើបអាចដំណើរការ និងប្រគល់ម៉ូតូជូនវិញបាន។

ជាក់ស្តែងកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ដើម្បីចុះប្រតិបត្តិការត្រួតពិនិត្យ ទៅលើទីតាំងអាជីវកម្មកុងស៊ីទទួលបញ្ចាំ ចំនួន២កន្លែង ដែលជាជម្រករបស់ជនល្មើស ក្នុងការទទួលផលចោរកម្ម ពីសកម្មភាពលួច ឆក់ ប្លន់ ដោយសង្ស័យពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ «ពោលសង្ស័យគ្មានអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំដោយលោក ជា ពិសី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ស៊ិន វីរៈ និងមានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ លោក អ្នក បូរ នាយករងរដ្ឋបាលខណ្ឌ លោក ស្មាស រិទ្ធី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ និងមន្ត្រីពាក់ព័ន្ធក្នុងខណ្ឌ លោក តាន់ សុភក្រ លោក ជា សារ៉ាត់ លោក ចៅ ឡាស្កាន លោក ចាន់ ជឿន មេបញ្ជាការអាវុធហត្ថខណ្ឌ លោក ព្រុំ រដ្ឋា អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងនាយផ្នែក នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌ-ប៉ុស្ដិ៍ រួមនិងមន្ត្រីសង្កាត់មួយចំនួនផងដែរ។ ដោយត្រួតពិនិត្យទៅលើទីតាំងទី១-មានយីហោឈ្មោះ «ប៊ុន ធួន» នៅត្រង់ចំណុចផ្ទះលេខ០០១៦ ផ្លូវលេខ៩០៧ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលម្ចាស់ទទួលបញ្ចាំឈ្មោះ ប៊ុន ធួន ភេទប្រុស អាយុ៤៨ឆ្នាំ។និងទីតាំងទី២-មានយីហោឈ្មោះ «សេរី ម្លិស២» នៅត្រង់ចំណុចផ្ទះលេខ៤០៥ ផ្លូវលេខ៩០៧ ស្ថិតក្នុងក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលម្ចាស់ទទួលបញ្ចាំឈ្មោះ ស្រ៉ីន សុបុញ្ញាតា ភេទស្រី អាយុជាង២០ឆ្នាំ។

សម្រាប់ហាងបញ្ចាំមួយកន្លែងរបស់លោកស្រី ស្រ៊ីន សុបុញ្ញាតា ខាងលើឃើញថា ពិតជាមានលិខិតអនុញ្ញាត «អាជ្ញាប័ណ្ណ» ត្រឹមត្រូវ ក៏ពិតមែន ប៉ុន្តែបានរកឃើញកំហុសមួយចំនួន ចំពោះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកហុងដា CUB ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 1O-៨២៨៣ និង១គ្រឿងទៀត ម៉ាកហុងដាសង់ឌ្រីមសេ ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AT-1567 ដែលបានទទួលបញ្ចាំពីភ្ញៀវ ពុំឃើញមានឯកសារត្រឹមត្រូវឡើយ ទើបសម្រេចដកហូតទៅរក្សាទុកបណ្ដោះអាសន្ន ដោយរង់ចាំម្ចាស់ទីតាំងយកឯកសារពាក់ព័ន្ធ មកបង្ហាញឲ្យបានជាក់លាក់ និងប្រគល់ជូនវិញ។

លោក ជា ពិសី បានថ្លែងទៀតថា ចំពោះអាជីវកម្មទទួលបញ្ចាំរបស់លោកស្រី ស្រ៉ីន សុបុញ្ញាតា ដែលបានបើក២៤ម៉ោង លើ២៤ម៉ោង ចាំបាច់ត្រូវតែបន្ថយមកនៅត្រឹមម៉ោង ដែលរដ្ឋបាលធ្វើការវិញ បើមិនដូច្នេះទេ ប្រហែលជាអាចប្រឈមការបិទអាជីវកម្មចោល ព្រោះក្រៅពីម៉ោងរដ្ឋបាលធ្វើការ គឺជាម៉ោងយប់ ដែលជនល្មើស តែងតែធ្វើសកម្មភាព លួច ឆក់ ប្លន់ ដោយទទួលផលចោរកម្ម ពីកន្លែងបើកសេវាទទួលបញ្ចាំនេះឯង ហើយក៍ដើម្បីការពារសុខសុវត្ថភាពដល់ម្ចាស់ទីតាំងផងដែរ។

បន្ថែមពីនេះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ក៏បានបញ្ជាក់ផងដែរថា កម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ខណ្ឌឫស្សីកែវ នៅតែបន្តធ្វើការចុះត្រួតពិនិត្យ នៅទីតាំងអាជីវកម្មបើកទទួលបញ្ចាំមួយកន្លែងទៀត ដែលជាទីតាំងទី២ របស់លោក ប៊ុន ធួន ខាងលើ បានរកឃើញថា អាជ្ញាប័ណ្ណអនុញ្ញាតឲ្យបើកអាជីវកម្មទទួលបញ្ចាំ «ត្រូវបានហួសសុពលភាពទៅហើយ» មិនតែប៉ុណ្ណោះ បានរកឃើញម៉ូតូចំនួនពីរគ្រឿង ១គ្រឿងម៉ាកហ្ស៊ូម័រ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ១GK-៧៨០៧ និង១គ្រឿងទៀតម៉ាក ហុងដាCUB ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ ១B-៣៣៤៣ ដែលពុំមានឯកសារជាក់លាក់ត្រឹមត្រូវ មុននិងទទួលបញ្ចាំផងដែរ ទើបឈានទៅដល់ការដកហូតម៉ូតូទាំង២គ្រឿងយកមករក្សាទុក និងប្រកាសបិទអាជីវកម្មទទួលបញ្ចាំចោល ជាបណ្ដោះអាសន្នសិន ដើម្បីឲ្យម្ចាស់ទីតាំងធ្វើបែបបទលិខិតស្នាម និងយកទាំងឯកសារពាក់ព័ន្ធម៉ូតូមកបង្ហាញឲ្យបានត្រឹមត្រូវ នោះអាចដំណើរការ និងយកទាំងម៉ូតូត្រឡប់ទៅវិញបាន៕