(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅខេត្តកំពត មានការប្រាព្ធសន្និសីទអន្តរជាតិលើកទី៤ ក្រោមប្រធានបទស្តីពី «ការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព ដើម្បី អភិវឌ្ឍន៍លើគ្រប់វិស័យរវាងរណសិរ្សប្រទេសទាំងពីរ កម្ពុជា -វៀតណាម» ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងសម្តេចពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាជាមួយ លោក ជិន ថាញ់មិញ ប្រធានគណៈកម្មាធិការមជ្ឃឹមបក្សរណសិរ្សមាតុភូមិវៀតណាម។

សន្និសីទនៅថ្ងៃនេះ ស្តីពីការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យរវាងរណសិរ្សប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺមានអភិបាលខេត្ត នៃប្រទេសកម្ពុជា ចំនួន១០ខេត្ត ដែលមានព្រំប្រទល់ដែនជាប់ និងប្រទេសវៀតណាមឯភាគីវៀតណាមចំនួន១០ខេត្ត ជាប់ព្រំដែនជាមួយកម្ពុជាផងដែរចូលរួមប្រជុំ។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់រណសិរ្សប្រទេសទាំងពីរកម្ពុជា- វៀតណាម ជាពិសេសរវាងគណៈកម្មការរណសិរ្សខេត្តជាប់ព្រំដែនទាំង១០ខេត្តរបស់កម្ពុជា និង១០ខេត្តរបស់វៀតណាម ក្នុងរយៈ ពេល៣ឆ្នាំកន្លងមក និងអបអរសាទរខួបលើកទូ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងមិត្តភាពកម្ពុជា-វៀតណាម។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា «ទំនាក់ទំនងកម្ពុជា-វៀតណាម បានរីកធំធាត់ និងរឹងមាំ ជាពិសេសនៅក្នុងដំណាក់ កាលដែលប្រទេសជាតិ មានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ហើយទំនាក់ទំនងទ្វេរភាគី បានស្តែងចេញនូវផ្លែផ្កាគ្រប់វិស័យ មានវិស័យនយោបាយ យោធា រហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាក់ស្តែងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់»។

នៅក្នុងឱកាសនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រី បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមចំណែករំលែកទូក្ខលំបាករបស់ប្រជាជនវៀតណាម និងរដ្ឋាភិបាលវៀតណាមដែលថ្មីៗនេះ បានជួបគ្រោះទឹកជំនន់ បណ្តាលឲ្យមានការលំបាល និងអរគុណដល់វៀតណាមដែលបានជួយពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅជាប់ព្រំដែន ដែលមានជម្ងឺធ្ងន់ធ្ងរ ហើយយកតម្លៃសេវាដូចគ្នា និងប្រជាជនវៀតណាមផងដែរ។

នៅក្នុងឱកាសនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បានបន្តទៀតថា ដំណោះស្រាយបញ្ហាតាមព្រំដែន ក៏មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសការបោះបង្គោល ព្រំដែនគោគ ត្រូវបានដោះស្រាយស្ទើរតែចប់ទាំងស្រុង កត្តាទាំងនេះបាននូវបរិស្ថាន គ្របដណ្តប់ដ៏ប្រសើរ សម្រាប់ការរក្សាសន្តិភាព ស្ថេរភាព ការបង្កើនល្បឿនអភិវឌ្ឍន៏សេដ្ឋកិច្ច
ការលើកកម្ពស់ប្រជាជន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

លោក ជិន ថាញ់មិញ បានថ្លែងថា ទោះបីជាស្ថានភាពពិភពលោក តំបន់មានការប្រែប្រួល យ៉ាងណាក៏ដោយ ក៏ប្រជាជាតិទាំងពីរកម្ពុជា-វៀតណាម នៅតែពង្រីកទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីពូនជ្រុំថែមទៀត អភិវឌ្ឍន៍កាន់តែប្រសើរ ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។

សូមបញ្ជាក់ថា គណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោក ជិន ថាញ់មិញ និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីវៀតណាម នៅខេត្តកំពងផងដែរ៕