(ភ្នំពេញ)៖ បន្ទាប់ឃើញអ្នកបើបររថយន្តសង្គ្រោះបន្ទាប់មួយចំនួន មានការទ្វេសប្រហែសបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីពេលថ្មីៗកន្លងមកនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ក្រសួងសុខាភិបាលឱ្យធ្វើការណែនាំបន្ថែមទៀតដល់ អ្នកបើករថយន្តសង្គ្រោះបន្ទាន់ ជាពិសេសគ្លីនិកឯកជន។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការអនុវច្បាប់ចរាចរណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៧ នៅរសៀលថ្ងៃទី១៥សីហា ម្សិលមិញ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ថ្ងៃទី១២-១៣សីហាកន្លងទៅ មានរថយន្តសង្គ្រោះបន្ទាន់ ឯកជនបើកលើផ្លូវជាតិលេខ៥បានបើកបុក រ៉ឺម៉កម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់ចំនួន៣នាក់ និងរបួសជាច្រើននាក់ហើយបើកបររតគេចខ្លួនបាត់។ អញ្ចឹងសុំ និងមេត្តាក្រសូងសុខាភិបាលណែនាំផង។ គាត់បានបើកមានភ្លើងស៊ីញ៉ូ គាត់បានលឿនគាត់ត្រូវហើយ តែត្រូវប្រុងប្រយ័ត្ន»

កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដសាមុយរបស់គ្លីនិក តែ វណ្ណា បុកគូថម៉ូតូសណ្ដោងរ៉ឺម៉ក (តុកតុក)មួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូនិងរួមដំណើរស្លាប់បាត់បង់ជីវិតចំនួន៣នាក់ និង២នាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើករថយន្តសង្រ្គោះបន្ទាន់បានរត់គេចខ្លួនបាត់ ហើយតាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីខាងលើនេះ គឺបណ្ដាលមកពីរថយន្ដសាមុយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា នៅប្រទេសដទៃ ពេលបើកបកមានផ្លូវប្រសព្វ ត្រូវតែបង្អង់មិនថារថយន្តណានោះទេ ហើយរថយន្តសង្រ្គោះបន្ទាន់ក៏ត្រូវតែបង្អង់ដែរ។ លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ករណីបែបនេះ មិនត្រឹមតែអប់រំណែនាំអ្នកបើកបររថយន្តសង្គ្រោះនោះទេ គឺត្រូវណែនំាដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរឲ្យដឹងថា នៅពេលរថយន្តគ្រោះបន្ទាន់បើកបរត្រូវអែមស្តាំង។ប៉ុន្តែយើងឃើញថា មានពលរដ្ឋខ្លះមិនបានអែមស្តាំនោះទេ ដែលជាបញ្ហាដូចជាអ្នករងគ្រោះ នៅក្នុងរថយន្តពិបាកក្នុងបញ្ជូនឲ្យបានលឿននៅមន្ទីពេទ្យ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «អីញ្ចឹងសុំពលរដ្ឋត្រូវតែយល់ ព្រោះថាក្នុងរថយន្តសង្គ្រោះបន្ទាន់មានអ្នកជំងឺបងគេបងយើងពុកម្តាយគេ…ដើម្បីបញ្ជូនឆាប់ដល់ពេទ្យសង្គ្រោះបន្ទាន់។ អីញ្ចឹងបើយើងអត់បើកផ្លូវគាត់នោះបណ្តាលឲ្យមានបញ្ហា។ ប៉ុន្តែមានអ្នកខ្លះបើកផ្លូវហើយតែបើកដេញពីក្រោយវិញដើម្បីបើកលឿន បញ្ហានេះដែរ គ្មានច្បាប់អនុញ្ញាតនោះទេ ដូច្នេះសុំមេត្តាជួយអប់រំបន្ថែមដល់ពលរដ្ឋយើង»