​(កំពង់ធំ)៖ សម្តេចចៅហ្វាវំាង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវំាង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ទៅចែកជូនដល់​​ពលរដ្ឋ ចំនួន​៤៦៥គ្រួសារ។

ពលរដ្ឋដែលទទួលបានព្រះរាជអំណោយនោះ​ មកពី៤ភូមិឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិត្រាច ភូមិស្រង៉ែ ភូមិអូរអំបែង និងភូមិឈើទាល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ​៥០​គីឡូក្រាម, មី១កេះ និងថវិកា​៥ម៉ឺនរៀល​។

​សម្តេចចៅហ្វាវំាង គង់ សំអុល បាន​នាំនូវការសាកសួរសុខទុក្ខ​ពី​ព្រះមហាក្សត្រ ដែលជានិច្ចជាកាលព្រះអង្គ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានព្រអង្គ នៅជាមួយបងប្អូនជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារគ្មានបាយហូបនោះទេ។

សម្តេចចៅហ្វាវាំង បានទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូម បងប្អូនត្រូវខិតខំប្រកប មុខរបបរបន្ថែមទៀត និងដាំបន្លែបង្ការវិលជុំ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀងហាមជ្រកក្រោមដើមឈើជាដើម។

ចុងក្រោយប្រជារាស្ត្រទាំងអស់ បានអរព្រះគុណ ដល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមឲ្យព្រះអង្គ មានព្រះជន្មាយុយឺនយូរដើម្បីគង្សជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្ត៕