​(ភ្នំពេញ)៖ ក្រោយគ្រោះអគ្គិភ័យដ៏កំណាចមួយបានកើតឡើង ដោយឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១៨ខ្នង នៅ​ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ និង​អនុសាខាកាកបាទក្រហមខណ្ឌ​មានជ័យ នាំអំណោយមនុស្សធម៌​ផ្តល់ជូនភា្លមៗ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រោយគ្រោះអគ្គិភ័យភ្លាម នៅ​រសៀល​ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ​២០១៧ លោកស្រី មុំ សណ្តាប់ តំណាងលោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ ហ៊ុន សែន ជាសមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និង​ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំក្រុមការងារ ចុះចែកអំណោយមនុស្សធម៌​ជូនដល់បងប្អូនប្រជាពលរដ្ឋ ២៤គ្រួសារ។

ក្នុងនោះក៏មានការចូលរួមពី​លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង​ជាប្រធានកិត្តិយសអនុសាខា និងសមាជិក សមាជិកា លោកចៅសង្កាត់បឹងទំពន់ទី២ ចៅសង្កាត់រងទី២ មេភូមិ រួមទាំងមន្រ្តីខណ្ឌជាច្រើនទៀត។

​លោកស្រី មុំ សណ្តាប់ និង​លោក ពេជ្រ កែវមុនី បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់បន្ថែមទៀត។​

អំណោយដែលត្រូវទទួលបាន ក្នុងមួយគ្រួសារមានដូចជា៖ អង្ករ​៥៥​គីឡូក្រាម, មី២កេស, ​ទឹកបរិសុទ្ធ Oral​១កេស និង​១យួរ, ទឹកត្រី២យូរ, ទឹកស៊ីអ៊ីវ ២យួរ, មុង​២, ភួយ​២, តុង​១, ក្រមា​២, កន្ទេល​២ ថវិកាចំនួន៧០,០០០រៀល និងគ្រឿងឧបរិភោគបរិភោគជាច្រើនផ្សេងទៀត៕