(ព្រះវិហារ)៖ ប្រជាកសិករចំនួន២៥២គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកគូលែន បានទទួលស្រូវពូជ​ដោយឥតគិតថ្លៃ ដើម្បីយកទៅបង្កបង្កើនផលឡើងវិញ ក្រោយទឹកជំនន់លិច បំផ្លាញស្រូវអស់កាលពីពេលថ្មីៗកន្លងទៅនេះ។

ដើម្បីកាត់បន្ថយការចំណាយថវិកា​ របស់កសិករក្នុងទិសដៅលើកស្ទួយកំរិតជីវភាពកសិករ ឲ្យមានភាពប្រសើរឡើងវិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំក្រុមការងារយកស្រូវពូជ យកមកចែកជូនដល់ដៃកសិករ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមអជ្ញាធរខេត្ត តែងគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថាតែពេលមានគ្រោះទឹកជំនន់ ឬក្រោយគ្រោះទឹកជំនន់នោះទេ បានន័យថា គ្រប់កាលៈទេសៈ​គឺស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។

លោកបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន មានការខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ក្នុងគ្រោះទឹកជំនន់កន្លងទៅ ដោយសម្តេចបានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ជួយសង្រ្គោះប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឲ្យរងគ្រោះដោយទឹកជំនន់។

អភិបាលខេត្ត សង្កត់ធ្ងន់ថា​ គ្មានអ្នកណាជួយបងប្អូន​គិតគូរពីបងប្អូន ជាងសម្តេចតេជោ ហ៊ុន សែន នោះទេ​ដូច្នេះហើយសូមបងប្អូនកុំជឿតាមការញុះញង់របស់គេ ព្រោះគេស្គាល់បងប្អូនតែពេលជិតបោះឆ្នោតទេ ប៉ុន្តែក្រោយបោះឆ្នោតគេលែងមកក្បែរបងប្អូនហើយ។ ជាក់ស្តែងបងប្អូនរងគ្រោះ ដោយទឹកជំនន់​គេមិនមកជួបបងប្អូនសួរសុខទុក្ខបងប្អូននោះទេ ដូច្នេះសូមបងប្អូនបន្តការគាំទ្រ​រាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីយើងបានរួមរស់ជាមួយគ្នា អភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែរីកចម្រើនថែមទៀត។

បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួបានស្រូវពូជនៅពេលនេះ ត្រូវប្រញាប់យកទៅបង្ក​បង្កើនឡើងវិញ និងខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកំពស់កំរិតជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើងវិញ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ លោកប្រធានមន្ទីរកសិកម្មខេត្ត និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំជួយប្រជាកសិករកន្លងមក រហូតមកដល់ពេលនេះ។

ដោយឡែក លោក ពឹង ទ្រីដា បានឲ្យដឹងថា ស្រូវពូជដែលចែកជូនប្រជាកសិករនៅពេលនេះ មាន២៥២គ្រួសារ មកពីឃុំ២ នៃស្រុកគូលែន រួមមានឃុំគូលែនជើង មាន១១៣គ្រួសារ ក្នុងគ្រោះទឹកជំនន់ខូចខាតស្រូវអស់៥៧៥០ហិកតា និងឃុំភ្នំពេញ មាន១៣៩គ្រួសារ ខូចខាតស្រូវអស់៨៧ហិកតា ហើយស្រូវពូជដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានស្រូវពូជប្រភេទ ផ្ការំដួលចំនួន២៥គីឡូក្រាម និងសាប៊ូដុសខ្លួន១ដុំផងដែរ៕