(ភ្នំពេញ)៖ នៅព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧​នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ ផ្ទះជួលលេខ​៧B ផ្លូវលេខ៩០ ភូមិ១១ និងភូមិ១២ និងហាងកាហ្វេ​វៀតណាម សង្កាត់ស្រះចក ខណ្ឌដូនពេញ​។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនបរទេសចំនួន​១៧​នាក់​ ស្រី​០៤នាក់​ ក្នុងនោះ​ជនជាតិវៀតណាម ចំនួន​១២នាក់ ស្រី​០២នាក់ ​ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ និងជនជាតិចិន ចំនួន​០៥​នាក់ ស្រី​០២នាក់ គ្មានប័ណ្ណការងារ​ត្រឹមត្រូវ​។

ជាលទ្ធលោកប្រធាននាយកដ្ឋានរូបនេះ បានឲ្យដឹងថា សំរេចបញ្ជូនជនជាតិវៀតណាម ចំនួន១២​នាក់ ស្រី​០២នាក់ និងដកហូតលិខិតឆ្លងដែនចំនួន​១០​ក្បាល (​ចិន​០៥ក្បាល និង​វៀតណាម​០៥​ក្បាល) មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕