(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានរៀបចំទិវាឯករាជ្យលើកទី៧០ របស់ប្រទេសឥណ្ឌា ដើម្បីចែករំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា។

ទិវាឯករាជ្យលើកទី៧០ របស់ប្រទេសឥណ្ឌានេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារអាំងទែកង់ទីណង់តាល ក្នុងរាជធានីភ្នំពេញ
មានការចូលរួមពីលោក​ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី២ និងអគ្គលេខាធិការនៃអាជ្ញាធរមីន, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សមាជិក នៃ Indian Diaspora, ឯកអគ្គរាជទូត និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជារូបច្រើនរូបទៀតផងដែរ។

តំណាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ ដែលបានទុកពេលវេលាដ៏មានតម្លៃ ដើម្បីចែករំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា»

តំណាងឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា «នៅក្នុងកម្មវិធីរបស់យើង យើងនឹងបង្ហាញពីអ្វីដែលយើងបានសម្រេចកន្លងមក និងអ្វីដែលយើងមាននាពេលបច្ចុប្បន្ននេះ។ យើងចង់បានសន្តិភាព និងភាពសុខដុមភាពរុងរឿង និងសុខុមាលភាពរបស់អាស៊ាន និងសហគមន៍ពិភពលោកទាំងមូល»

តំណាងឯកអគ្គរដ្ឋទូតដដែលរូបនេះ បានបន្ថែមទៀតថា ដើម្បីអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋជាសមាជិក​អាស៊ានទាំងអស់ សម្រាប់ការប្រារព្ធខួបលើកទី៥០ នៃអាស៊ាន។ ឆ្នាំនេះ ក៏មានលក្ខណៈពិសេសសម្រាប់ប្រទេសឥណ្ឌាផងដែរ ព្រោះវាជាខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងឥណ្ឌា និងសមាជិកអាស៊ាន ក្រោមប្រធានបទ «Shared Value Common Destiny»។

លោកបន្ដថា នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ាន ដែលនឹងបញ្ចប់នៅក្នុងកិច្ចប្រជុំពិសេសរំលឹកខួប អនុស្សាវរីយ៍អាស៊ានឥណ្ឌា។ កិច្ចប្រជុំកំពូលនេះ គឺជាការបញ្ជាក់ពីបេសកកម្មរួមគ្នារបស់យើង សម្រាប់ភាពរុងរឿងស្ថេរភាព និងសន្តិសុខ៕