(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ ថវិកា​ និងរៀបចំអាហារមួយពេល​ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា​ គ្រូ​-បុគ្គលិក​ និងអ្នកស្ម័គ្រចិត្តបរទេស​សរុបចំនួន​ ១៩៨នាក់​ នៃបុរីទារក​ និងកុមារជាតិ​ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់៣​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ​ ចំពោះក្មួយៗកុមារ​ទាំងអស់​ និងបានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក​ អ្នកស្ម័គ្រចិត្តបរទេស ដែលបានយកអស់កម្លាំងកាយ-ចិត្ត​ រួមចំណែកលើកកម្ពស់ តម្លៃមនុស្សធម៌ របស់មនុស្សជាតិ​ ពិសេសជួយឱ្យកុមារពិការខ្សោយសតិបញ្ញាទាំងអស់​ បានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ​ មានការចិញ្ចឹមបីបាច់ ​ផ្តល់ភាពកក់ក្តៅ​ និងផ្តល់ការអប់រំ។​

ក្នុងន័យនេះ​ កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ​ធ្វើយ៉ាងណា លើកកម្ពស់តម្លៃមនុស្សធម៌ ជួយសម្រាលការលំបាក ដល់ជនងាយរងគ្រោះបំផុត នៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានោះ​ លោកស្រី​ ថោ​ ពៅ ប្រធានបុរីទារក​ និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់​ ហើយលោកស្រី ក៏សូមជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ និងផ្តល់ភាពកក់ក្តៅ ដល់ប្រជាជនរងគ្រោះគ្រប់ៗគ្នា។

សូមបញ្ជាក់ថា​​ អំណោយសម្រាប់ប្រគល់ជូនបុរីទារកនិងកុមារជាតិ​ រួមមាន​ ៖​ អង្ករ​ ២តោន​ អាហារវីតាមីន​ ២០កេស​ មីយើង​ ៤០កេស​ ត្រីខ​ ៨កេស​ ទឹកក្រូច​ ១៥កេស​ ទឹកសុទ្ធ​ ១៥កេស​ ទឹកត្រី​ ២៤ដប​ ទឹកស៊ីអ៊ីវ​ ២៤ដប​ ប្រេងឆា​ ២៤ដប​ ថវិកា​ ១០លានរៀល​ និងអាហារមួយពេល​ (មាន​ ២២តុ)។ ដោយឡែក​ សម្រាប់ គ្រូ-បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​សរុបចំនួន​ ៥៨នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ សារុង​ ១​ និងថវិកា​ ១០ម៉ឺនរៀល៕