(ក្រចេះ)៖ ប្រធានមន្ទីរកសិកម្មខេត្ត​ក្រចេះនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីសំរេច​ផ្លាស់​មន្ត្រីរដ្ឋបាល​ព្រៃឈើផ្នែកឆ្លូង​ម្នាក់ អោយទៅបំរើការងារ​នៅខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តក្រចេះវិញ ដែលការ​សម្រេច​ដកនេះ ត្រូវបានគេអះអាង​ថាបន្ទាប់ពីឃ្លិបវីដេអូមួយ​ត្រូវបានគេបង្ហោះ​នៅតាមបណ្ដាញទំនាក់​ទំនងសង្គមហ្វេសប៊ុក ស្ដីពីសកម្មភាពមន្ត្រីមេព្រៃខាងលើ​បើករថយន្តទៅជំរិត​ទារលុយពីប្រជាពលរដ្ឋរកសុីដឹក​ជន្លង់ម្រេចនាពេលថ្មីៗនេះ។

មន្ត្រីមេព្រៃដែលត្រូវបានប្រធានមន្ទីរសម្រេចផ្លាស់ចេញនេះ ត្រូវបានគេស្គាល់ឈ្មោះឃួន ជីវិន។ក្នុងនោះ យោងតាមព័ត៌មានបានអោយដឹងថាកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីបានទៅបំរើការងារនៅផ្នែករដ្ឋបាលព្រៃឈើឆ្លូងថ្មីៗ លោកឃួន ជីវិន បានបានបើករថយន្តម៉ាកហាយឡេនឌ័រទៅស្ទាក់ចាប់រថយន្តតួរីសដឹកជន្លង់ម្រេចនៅចំណុចភូមិព្រិច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរិតយកប្រាក់ក្នុងមួយរថយន្ត១០ដុល្លារដោយលោកសំអាងថាអ្នករកសុីដឹកជន្លង់ម្រេចទាំងអស់នោះមិនប្រាប់លោកអោយដឹងមុនបើទោះបីជាអ្នករកសុីបានឆ្លើយថាខ្លួនមិនបានដឹងលោកមកកាន់ការងារថ្មី និងសុំបង់ត្រឹម១មុឺនរៀលដូចគេដូចឯងក៏លោកឃួន ជីវិនមិនព្រមនោះដែរ ដោយលើកហេតុផលថាមុនដំបូងត្រូវបង់១០ដុល្លារ ព្រោះលោកត្រូវការចំណាយច្រើន ចាំលើកក្រោយចាំបង់ដូចគេដូចឯង។

ការបែកធ្លាយឃ្លិបវីដេអូខាងលើដែលទំនងថតដោយអ្នកបើករថយន្តដឹកជន្លង់ម្រេចនេះ បានធ្វើអោយសាធារណជននាំគ្នារិះគន់យ៉ាងខ្លាំង ព្រោះឈ្មួញធំៗ និងឧកញ៉ាមួយចំនួនរកសុីដឹកឈើហូហែ កម្រឃើញមេព្រៃចាប់បានណាស់ បែរជាទៅចាប់ប្រជាពលរដ្ឋក្រីក្រ />រកសុីដឹកឈើជន្លង់ម្រេចមួយថ្ងៃគ្រាន់រស់មួយថ្ងៃទារលុយទៅវិញ។

អ្នកច្បាប់មួយរូប ក្រោយមើលឃើញឃ្លិបវីដេអូខាងលើ បានអះអាងថានេះជាភស្តុតាងបទល្មើសជាក់ស្ដែងហើយ អង្គភាពប្រឆាំងអំពើពុករលួយ និងអយ្យការអាចចាត់ការតាមនីតិវិធីច្បាប់បានហើយ មិនគួរទុកអោយរួចខ្លួនត្រឹមតែមេផ្លាស់ចេញដោយគ្មានវិធានការដាក់ទោសទណ្ឌឬដាក់វិន័យបែបនេះទេ។ប៉ុន្តែយោងតាមលិខិតសម្រេចផ្លាស់ចេញរបស់ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ គេក៏ឃើញមានបោះត្រាចូលស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះផងដែរ។ដូចនេះ គេសង្ឃឹមថាអយ្យការនឹងចាត់ការតាមនីតិវិធីច្បាប់ដោយមានឃ្លិបវីដេអូជាភស្តុតាងស្រាប់បើទោះបីមានឬមិនមានដើមបណ្ដឹងក៏ដោយ។

ខាងក្រោមនេះ ជាឃ្លិបវីដេអូបង្ហាញពីសកម្មភាពរបស់មន្ត្រីមេព្រៃឈ្មោះឃួន ជីវិន ជំរិតទារលុយពីរថយន្តដឹកជន្លង់ម្រេច៖