(ព្រះវិហារ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្រ្តីក្រោមឱវាទទាំងអស់ យកទៅចែកជូនប្រជាពលរដ្ឋចំនួន៥១០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុករវៀង។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការចែកអំណោយជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅពេលនេះ គឺដោយមានការយកចិត្តទុកដាក់ ពីសំណាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សហការជាមួយអជ្ញាធរខេត្តព្រះវិហារ។

លោកថា បន្ទាប់ពីទឹកជំនន់បានស្រកចុះក៏ដោយ ក៏អាជ្ញាធរនៅតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនជានិច្ច បានន័យមិនបោះបង់ចោលនោះទេ យើងត្រូវរួមរស់ជាមួយគ្នារហូត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានមកស្នាក់នៅបណ្តោះអាសន្ន លើទីទួលសុវត្ថិភាព និងតាមដងផ្លូវនានា ត្រូវរុះរើចេញ ហើយទៅរស់នៅផ្ទះរបស់ខ្លួនវិញ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំឡើងវិញ ដើម្បីលើកស្ទួយកំរិតជីវភាពគ្រួសារ។

លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានថ្លែងថា «គ្រោះទឹកជំនន់កន្លងទៅថ្មីៗនេះ បានលិចលង់ដំណាំប្រជាពលរដ្ឋជាង១០០០ហិកតា លំនៅដ្ឋានប្រជាពលរដ្ឋជាង១០០០គ្រួសារ ស្លាប់មនុស្ស៣នាក់»។ តែលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នម្តងទៀត មុនរដូវបុណ្យភ្ជុំបុណ្ឌិខាងមុខនេះ។

អំណោយដែលចែកជូននៅពេលនេះ គឺមិនមានការប្រកាន់និន្នការនយោបាយនោះទេ ឲ្យតែប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ គឺត្រូវទទួលបានដូចៗគ្នា ហើយអំណោយនេះ ទោះបីតិចតួចក្តី តែវាបានដោះស្រាយការខ្វះខាតរបស់បងប្អូនយើង បានមួយគ្រាៗផងដែរ។

លោករដ្ឋមន្ត្រី វង សូត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំង២ តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការរីកចំរើនេបស់ប្រទេសជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋខ្មែរយើង ត្រូវតែរួបរួមគ្នាបន្តការគាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសជាតិយើង កាន់តែអភិវឌ្ឍន៍ថែមទៀត។

លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿតាមការញុះញង់អូសទាញរបស់ពួកដើរប្រូ ដែលបានតែថាមិនដែលធ្វើនោះ។ ជាក់ស្តែងថ្ងៃនេះ អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានយកមកចែកជូនប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជនចំនួយ៥១០គ្រួសារ នៅស្រុករវៀងខេត្តព្រះវិហារនេះ យើងមិនសន្យាមុនទេ ឲ្យតែបងប្អូនមានការខ្វះខាតពិតប្រាកដ គឺត្រូវបានទទួលយកចិត្តទុកដាក់ និងទំនុកបំរុងផ្សេងៗ ដើម្បីលើកកំពស់ជីវភាពរស់នៅ។

អំណោយដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម កន្ទេល១ មុង១ មី១កេស និងថវិការ២០០០០រៀល។