(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧ នេះហើយ វគ្គសន្សំពិន្ទុប្រចាំពូល B ជាមួយក្រុមយុវជន U-22 ហ្វីលីពីន នៅកីឡដ្ឋាន MP Selayang ម៉ោង ៧៖៤៥នាទីយប់នេះ (ម៉ោងនៅកម្ពុជា)។

សូមបញ្ជាក់ថា ក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗជាច្រើនដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត។ បន្ទាប់ពីការប្រកួតខាងលើក្រុមដែលដឹកនាំដោយគ្រូបង្វឹកប្រេស៊ីលលោក Leonardo Vitorino នេះ នឹងត្រូវប្រឈមមុខជាមួយក្រុមប្រទេសជិតខាង U-22 វៀតណាមវិញម្ដង នៅថ្ងៃទី១៧ ខែសីហាខាងមុខ។

ចំពោះជំនួបរវាងកម្ពុជា និងហ្វីលីពីនយប់នេះ អាចនិយាយបានថា ក្រុមទាំងពីរទើបជួបគ្នាកាលពីពេលថ្មីៗកន្លងទៅ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-23 Championships 2018 លើទឹកដីកម្ពុជា ដែលកីឡាករក្រុមទាំងពីរភាគច្រើនមានវ័យក្រោម២២ឆ្នាំ សម្រាប់ត្រៀមស៊ីហ្គេមលើកនេះដូចគ្នា។

គិតត្រឹមឆ្នាំ២០០៥មក U22 កម្ពុជាធ្លាប់ជួប U22 ហ្វីលីពីន ៤ដងដោយក្នុងនោះ កម្ពុជាធ្លាប់ឈ្នះ៣ដង (៣-១ ៣-១ និង ១-០) មិនដែលស្មើ និងចាញ់ម្តងដោយលទ្ធផល ៤-២៕