(កំពង់ធំ)៖ ករណីរថយន្តល្សុចស៊ីស៤៧០ ពាក់ស្លាកលេខ 2I-0730 ដឹកឈើគ្រញូងខុសច្បាប់ ហើយបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់ទាំង២នាក់ នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវាងទីប្រជុំជន ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួចគេចខ្លួនបាត់ ទុកតែរថយន្តនោះ សមត្ថកិច្ចបានដកហូតឈើគ្រញូង ១២៨ដុំស្មើរ១៤៥៤គីឡូក្រាម ស្មើនឹង១,២១១គូប។ នេះបើតាមការបញ្ជាក់របស់លោក ឈឿង គុណ ប្រធានផ្នែករដ្ឋបាលព្រៃឈើស្ទោង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះ បើតាមការលួចបង្ហើបពីសមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា ម្ចាស់រថយន្ត និងជាអ្នកដឹកឈើខុសច្បាប់នេះមានឈ្មោះ ចាន់ គឹមហ៊ឹម កូនប្រសារលោកលោក ឈុត ពិរាជ ជាមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ។ បើតាមសមត្ថកិច្ច កាលពីពេលកន្លងទៅ រថយន្តរបស់ជននេះ ត្រូវបានសមត្ថកិច្ចចាប់ម្តងហើយពីបទដឹកឈើ រហូតតុលាការរក្សាទុកទៀត តែរូបគេបានរត់ការយករថយន្តមកវិញ ក៏ដូរស្លាកលេខហើយដឹកឈើម្តងទៀតទៅ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដាក់ចេញបញ្ជាក្ដៅៗ ទៅដល់កម្លាំងសមត្ថកិច្ចឲ្យតាមចាប់អ្នកបើករថយន្តលិចស៊ីស៤៧០ ពាក់ស្លាកលេខ 2I-0730 ម្នាក់ យកមកផ្តន្ទាទោសតាមច្បាប់ ក្រោយលួចដឹកឈើគ្រញូងខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀនហើយ ថែមទាំងបើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់ ទាំង២នាក់ទៀត រួចគេចខ្លួនបាត់ទុកតែរថយន្ត។

លោក អ៊ិត សុធា បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានករណីរថយន្តដឹកឈើគ្រញូងដោយខុសច្បាប់ បើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់រួចមក លោកបានចុះទៅកន្លែងកើតហេតុភ្លាមៗ រួមជាមួយលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីពិនិត្យអត្តសញ្ញាណនៅក្នុងរថយន្តរបស់ជនបង្ក នៅកន្លែងកើតហេតុ ក្នុងនោះលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋាន​ ឃ្លាំមើលរថយន្តបណ្តោះតៃកុងរថយន្តបង្ក នឹងអាលបានចាប់ឃាត់យកមកផ្តន្ទាទោសតែម្ដង។

លោក អ៊ិត សុធា បានបញ្ជាក់ថា រថយន្តដែលបង្កម៉ាកល្សុចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2I-0730 ដឹកឈើគ្រញូងពេញក្នុងរថយន្ត ថែមទាំងបានពិនិត្យឃើញថា តៃកុងរថយន្តមានពាក់ព័ន្ធនឹងការប្រើប្រាស់​គ្រឿងញៀនផងដែរ ពោលបើកបណ្តើរប្រើប្រាស់ជក់ថ្នាំបណ្តើរ ដោយសារមានវត្ថុតាងនៅក្នុងរថយន្ត។

លោក អ៊ិត សុធា បានបញ្ជាក់ថា បុរសបើកបរ​ម៉ូតូដែលស្លាប់នោះមានឈ្មោះ នឿន នេត អាយុ១៧ឆ្នាំ រស់នៅ​ភូមិពាមក្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែកអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ សឿប អាយុ១៧ឆ្នាំ រស់នៅ​ភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ (ស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ)៕