(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលាដំបូងរាជធានីភ្នំពេញលោក ស្វាយ តុញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជនជាតិម៉ុលដាវី ដាក់ពន្ធនាគារចំនួន០៨ឆ្នាំ រឿងនាំមនុស្សស្រីមកលក់នៅកម្ពុជា ក្រោមបទចោទ «ប្រព្រឹត្តអំពើជួញដូរមនុស្ស និងជួញដូរភេទឆ្លងដែនមកកម្ពុជា» ហើយសាលក្រមនេះ លោកចៅក្រមក៏បានប្រកាសពិន័យជាប្រាក់ចំនួន៣០លានរៀលផងដែរពីស្រ្តីជាប់ចោទរូបនេះ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ជួន សុជាតិថា ក្នុងសំណុំរឿងនេះលោក ស៊ិន វិរ: តំណាងអយ្យការ បានចោទប្រកាន់ ជនជាប់ចោទឈ្មោះ BEJENARI LIUDMILA ហៅ LIDA ភេទស្រី អាយុ២៦ឆ្នាំ ពីបទនាំយកដោយខុសច្បាប់ ដោយមានគោលដៅប្រព្រឹត្តកាលពីអំឡុងខែសីហា ឆ្នាំ២០១៥ ពីប្រទេសម៉ុលដាវី មកចំណុចហាងឈ្មោះ កាដូ ផ្ទះលេខ១១០E0 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីអំឡុងពេលសនវការ ជនជាប់ចោទបានឆ្លើយថា ខ្លួនបានមករស់នៅប្រទេសកម្ពុជា អំឡុងខែសីហា ឆ្នាំ២០១២ ដើម្បីធ្វើការនៅក្នុងហាងលក់ស្រាមួយ មានតួនាទីជាអ្នកគ្រប់គ្រងហាង។ ក្រោយមកជនរងគ្រោះ ឈ្មោះ គ្រីស្ទីណា ហៅ ស៊ូ បានសុំនាងមកធ្វើការជាមួយនៅកម្ពុជាដែរ ដោយមានកិច្ចសន្យាការងារត្រឹមត្រូវ។ ជនជាប់ចោទថា ឈ្មោះ ស៊ូ បានរត់ការធ្វើលិខិតឆ្លងដែន និងទិញសំបុត្រយន្តហោះមកកម្ពុជា ដោយខ្លួនជាអ្នកចេញលុយទាំងស្រុង។ នៅពេលនោះឈ្មោះ ស៊ូ មកធ្វើការជាមួយខ្លួន ឈ្មោះ ស៊ូ ត្រូវធ្វើការសាកល្បង៣ខែ ដោយគ្មានប្រាក់ខែ ហូបចុក ស្នាក់នៅក្នុងហាងដោយឥតគិតថ្លៃ បន្ទាប់មកឈ្មោះ ស៊ូ ត្រូវធ្វើការ៩ខែបន្ថែមទៀត ដោយទទួលបានប្រាក់ខែ២៥០ដុល្លារ ក្នុងមួយខែ ដើម្បីសងខ្លួនថ្លៃធ្វើដំណើរ និងចំណាយមកកម្ពុជា។

ប៉ុន្តែដោយសារតែឈ្មោះ ស៊ូ ធ្វើការមិនទាន់គ្រប់ខែតាមកិច្ចសន្យាផង បែរជាមកប្តឹងខ្លួនដាក់គុកទៅវិញ។ ជនជាប់ចោទបញ្ជាក់ថា ខ្លួនមិនបានអូសទាញឲ្យជនរងគ្រោះ មកធ្វើការនៅកម្ពុជា ឬបង្ខំឲ្យឈ្មោះ ស៊ូ ទៅដេកជាមួយភ្ញៀវនោះទេ។ យោងតាមអំណានចម្លើយជនរងគ្រោះ ឈ្មោះ ស៊ូ បានឲ្យដឹងថា ខ្លួនបានមកធ្វើការនៅកម្ពុជាជាមួយ ជនជាប់ចោទ នៅហាងលក់ស្រាអ៊ីតាលី និងភីហ្សាឈ្មោះ កាដូ មានថៅកែជាជនជាតិស្បែកខ្មៅ ឈ្មោះ EMEKWOO JEFFERY នៅអំឡុងចុង ឆ្នាំ២០១៤។

ជនរងគ្រោះទទួលស្គាល់ថា ជនជាប់ចោទពិតជាបានចេញលុយទាំងអស់ សម្រាប់ការចំណាយដើម្បីមកកម្ពុជា។ នៅពេលមកដល់កម្ពុជា ជនជាប់ចោទបានដកយក លិខិតឆ្លងដែនរបស់ខ្លួនទុក និងបានបង្ខំឲ្យនាងដេកជាមួយភ្ញៀវ ដើម្បីយកលុយឲ្យគេ។ ក្រៅពីដេកជាមួយភ្ញៀវ នាងត្រូវបានថៅកែហាង ឈ្មោះ Jake Fried បង្ខំឲ្យដេកជាមួយ និងថតវីដេអូទុកគំរាមនាងថែមទៀតផង។ ជនរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ៕