(ភ្នំពេញ)៖ ​លោក ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ​តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរ ដល់វីរៈកងទ័ពកម្ពុជាថា ជា​កងទ័ពចោរ និងប្រមាថព្រះចេស្ដា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី។

ក្នុងនាមជាថ្នាក់ដឹកនាំ ​សាស្ដ្រាចារ្យ បុគ្គល និស្សិត នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា លោក ឡាច សំរោង ក៏បានស្នើឱ្យតុលាការ ដាក់ទោសតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះបុគ្គល សួន សេរីរដ្ឋា។

ប្រតិកម្មយ៉ាងខ្លាំងក្លា​​នេះ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ក្រោយបង្ហោះសារប្រមាថ ដល់វីរៈកងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខ ដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»

ដោយឡែកសារប្រមាថ ទៅលើ​ព្រះមហាក្សត្រ របស់លោក សួន សេរីរដ្ឋា ដែលត្រូវបាន Facebook «កូននាគអាស៊ី» ទម្លាយនោះបានសរសេរយ៉ាងដូច្នេះថា៖

«សូមក្រុមសមាជិក​ KPPM នៅបារាំង ជួយស្រាវជ្រាវរកឯកសារមួយឲ្យបានមកឲ្យខ្ញុំ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ គឺឯកសារ ដែលបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំង មែនឬមិនមែន? ខ្ញុំ នឹងវ៉ៃមួយឈុតនេះឲ្យល្អមើលកក្រើកក្នុងឆ្នាំ២០១៦នេះ។ សូមជួយរកឲ្យឃើញ យកឲ្យបានឯកសារឲ្យខ្ញុំ។

ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ធាក់ឲ្យធ្លាយវាំងតែម្ដង។ ចាំមើលស្ដេច និងអាមាត្យវាំង ហ៊ានលាសញ្ជាតិបារាំងទេ? ហើយពួកយួន នៅក្នុងបក្សប្រជាជន រត់ទៅពួននៅកន្លែងណា? ចាប់កន្ទុយរបស់ពួកវា ញាត់ចូលមាត់ពួកវា ឲ្យខាំកន្ទុយខ្លួនឯងវា ហើយយើងចាំឈរមើល!»៕