(កំពង់ចាម)៖ នៅទីបំផុតមេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោត ឈ្មោះ វែន សំអុល បានជួសជុលផ្លូវ​ដែល​បានបំផ្លាញនោះឡើងវិញ ក្រោយមានបញ្ជាយ៉ាងដាច់ណាត់ របស់លោក គួច ចំរើន អភិបាលខេត្ត ហើយមេឃុំរូបនេះ​បានទទូលស្គាល់ថា ទង្វើរបស់ខ្លួន​ពិតជាមិនត្រូវ។

អភិបាលខេត្តកំពង់ចាម ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា ​«លទ្ធផលត្រួតពិនិត្យបច្ចេកទេស​របស់ លោក ពោយ​ សុខជា​ ប្រធានគ្រប់គ្រងគម្រោង​បឹងទន្លេសាប​ និងសហការី​ នៅរសៀល​នេះ​៖ ទី១៖ លោកមេឃុំជើងព្រៃ បានចាប់ផ្ដើមអនុវត្តការសាងសង់គម្រោងផ្លូវលំឡើងវិញ ចាប់ពីថ្ងៃទី១២-១៣-១៤ ខែសីហា ឆ្នាំ២០១៧, ទី២៖ ចាក់ដីបំពេញចាក់តាមស្រទាប់២តឹកម្ដងៗ ជា៤ស្រទាប់, ទី៣៖ យកប៊ុលឈួសឆាយ គៀរសំអាត​មានខ្នងអណ្ដើក៥%, ទី៤៖ យកត្រាក់ទ័រកិនចុះកិនឡើង តាមស្រទាប់ឡើងវិញ​ ដោយមិនបាន​យក​រ៉ូឡូរមកកិនទេ រ​​កជួលមិនបាន»

សូមជម្រាបថា លោក វែន សំអុល មេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាឲ្យអេស្កាវ៉ាទ័រទៅកាប់ប្រឡាយទឹក លើចិញ្ចើមផ្លូវលំរបស់គម្រោងបឹងទន្លេសាប ឆ្នាំ២០១៥ ក្នុងភូមិត្រយ៉ង់ពង ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បណ្ដាលឲ្យរងការខូចខាត ប្រវែងជាង៤០០ម៉ែត្រ។

បន្ទាប់ពីទទួលបានព័ត៌មានពីមន្ដ្រីជំនាញរួចមក អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្រកាសទុកពេល១សប្ដាហ៍ ឲ្យមេឃុំរូបនេះ ធ្វើការជួសជុលផ្លូវឲ្យដូចដើម ពីព្រោះវាជាការបំផ្លាញជាក់ស្ដែង ទៅលើទ្រព្យសម្បត្តិសាធារណៈ ជាផលប្រយោជន៍សាធារណៈ ហើយបើក្នុងរយៈពេល១សប្ដាហ៍ មិនអាចធ្វើការជួសជុលទាន់ពេលវេលានោះទេ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់៕