(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក (ស.ខ.ហ) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៣-២០១៧ និងបន្តអណត្តិទី៦ ឆ្នាំ២០១៧-២០២១។

កិច្ចប្រជុំនេះ បានធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានសហព័ន្ធសម្រាប់អាណត្តិទី៦ ដែលក្នុងមួយអាណត្តិមានរយៈពេល៤ឆ្នាំ ជាមួយនឹងផែនការយុទ្ធសាស្ត្រថ្មី សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។ ជាលទ្ធផល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលការគាំទ្រច្រើនជាងគេ និងត្រូវបានបន្តដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងអាណត្តិទី៦នេះ។

សហព័ន្ធក៏បានលើកឡើងអំពី​ការ ត្រៀមខ្លួនសម្រាប់កីឡាករកម្ពុជាចំនួន​៧នាក់ ដែលនឹងចេញដំណើរនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ខាងមុខនេះ ដើម្បីទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (Sea Game) នៅប្រទេសម៉ាឡេស៊ី​។ ​ជាមួយនឹង​ការប្តេជ្ញាចិត្តរបស់កីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំ ធ្វើឲ្យសហព័ន្ធ មានជំនឿចិត្តយ៉ាងមុតមាំថា កីឡាករកម្ពុជា នឹងទទួលបានជ័យលាភីជូនប្រទេសជាតិ​ក្នុងការប្រកួតនេះ។

លើសពីនេះទៅទៀត សហព័ន្ធខ្មែរកីឡាហែលទឹក មានការរំពឹងទុកថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ត្រូវរៀបចំផែនការមេ មានការខិតខំ និងសម្រេចគោលបំណងរបស់ ព្រឹទ្ធាចារ្យ ហែម ថុន ដើម្បីស្វែងរកមេដាយ ក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជូនប្រទេសជាតិ​។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​បានជំរុញលើកទឹកចិត្តសមាជិក និងអគ្គលេខាធិការដ្ឋានសហព័ន្ធ ធ្វើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាល ទំនុកបម្រុង និងលើកទឹកចិត្តកីឡាករ កីឡាការិនីទាំងអស់ ដើម្បីឲ្យពួកគាត់មានសមត្ថភាព និងកាយសម្បទាមាំមួន និងសុខភាពល្អ សំដៅយកជ័យជំនះរាល់ការប្រកួត នៅលើឆាកអន្តរជាតិជូនប្រទេសជាតិ។

ជាចុងក្រោយ ប្រធានសហព័ន្ធរូបនេះ ក៏បានជម្រាបទៅដល់សមាជិកនៃអង្គប្រជុំអំពី គម្រោងចុះអនុស្សារណៈនៃការយោគយល់ រវាងសហព័ន្ធ និងក្រុមហ៊ុន Herbalife ក្នុងការផ្តល់អាហារបំប៉នជូនដល់កីឡាករ កីឡាការិនី​ផងដែរ៕