(កំពង់ធំ)៖ លោក ថោង ខុន ប្រធានគណៈពង្រឹងស្រុកបារាយណ៍ បានប្ដេជ្ញាជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ ស្ថិតនៅឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នឹងខិតខំអភិវឌ្ឍសាលាមួយនេះ ឲ្យក្លាយជាសាលាគំរូមួយក្នុងស្រុកបារាយណ៍ ខណៈលោកគ្រូ អ្នកគ្រូក៏បានបង្ហាញពីជំហរគាំទ្រជាមួយគំនិតដ៏ត្រឹមត្រូវនេះផងដែរ។

គំនិតផ្ដួចផ្ដើមនេះ ត្រូវបានលើកឡើងក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ នៅភូមិច្រនាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។

លោកបានរំឭកថា វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយនេះ ដំបូងឡើយជាវាលរហោឋានមួយតែបច្ចុប្បន្ននេះ មានទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មានទាំងតារាងបាល់ទាត់ ថែមទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគតិព្រិទ្ធបណ្ឌិតដែលបានកសាងឡើងតាំងពីឆ្នាំ២០០៧ និងជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់។

ដូច្នេះលោកចង់ឲ្យលោកគ្រូ អ្នកគ្រូខិតខំពង្រឹងការអនុវត្តវិន័យសាលាឲ្យបានម៉ឺងម៉ាត់ ដើម្បីជំរុញឲ្យសិស្សខិតខំសិក្សារៀនសូត្រ ប្រឡងជាប់ទទួលបាននិទ្ទេសល្អ និងបំផុសចលនាចូលរួមសម្អាតអនាម័យ បរិស្ថានសាលាឲ្យបានស្អាត ស្លៀកពាក់ឲ្យបានត្រឹមត្រូវ រៀបចំសួនផ្កាឲ្យមានសោភ័ណភាព ដើម្បីឲ្យសាលាមួយនេះក្លាយជាសាលាគំរូល្អមួយ ក្នុងស្រុកបារាយណ៍។

ក្នុងឱកាសនោះផងដែរ លោកគ្រូ អ្នកគ្រូក៏បានគាំទ្រ និងអនុវត្តតាមការណែនាំរបស់លោកប្រធានក្រុមការងារឲ្យផុសផុលផងដែរ៕