(រតនគិរី)៖ អភិបាលខេត្តរតនគិរី​ លោក​ ថង​ សាវុន នៅថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០១៧​​​នេះ​ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា​ ស្ថិតនៅតំបន់មុំបីកន្ទុយនាគ​ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី​ អធិបតេយ្យជាតិ​ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា​ វៀតណាម​ និងឡាវ​។​

​លោក ថង សាវុន ​បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ដែលជានិច្ចជាកាលសម្តេច​ និងថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរអំពីសុខទុក្ខ របស់កងកម្លាំងដែលជាការផ្សា​ភ្ជាប់រវាងសមរភូមិមុខ​ និងសមរភូមិក្រោយ​​។​

​អភិបាលខេត្តរតនគិរី ក៏បានថ្លែងនូវការកោតសរសើរកងកម្លាំងទាំងអស់ ដែលបានបំពេញកាតព្វកិច្ច ក្នុងការងារការពារបូរណភាពទឹកដី​ អធិបតេយ្យភាពជាតិ​ លះបង់ឈាមស្រស់​ សាច់ស្រស់​ ក្លាហានមិនរាថយពុះពារគ្រប់ឧបសគ្គ​ មិនឲ្យមានការរំលោភបំពាន ពីបណ្តាប្រទេសជិតខាងឡើយ​​។

បន្ថែមពីនេះ លោក ថង សាវុន ណែនាំឲ្យកម្លាំងទាំងអស់ត្រូវសហការគ្នា និងយកចិត្តទុកដាក់លើការងារល្បាត ឲ្យបានជាប់ជាប្រចាំ នៅតាមគោលដៅខ្សែបន្ទាត់ព្រំដែន​ សំដៅរក្សាការពារឲ្យខាងតែ​បាន នូវអធិបតេយ្យជាតិ​​។

ជាមួយគ្នានោះដែរ លោក​ បានឧបត្ថម្ភដល់កម្លាំងវរៈយោធាការពារព្រំដែនជើងគោកលេខ​២០៣,​ វរៈនគរបាលការពារព្រំដែនលេខ១០២​, កម្លាំងឧទ្យានុរក្សឧទ្យានជាតិជាតិវីរៈជ័យ​ ក្នុងមួយអង្គភាព ទទួលបានថវិកា៣០០ដុល្លារ និងគ្រឿងឧភោគបរិភោគមួយចំនួនទៀត៕