(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បានចុះពិនិត្យព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋបងប្អូនខ្មែរឥស្លាម និង​កម្មករ-កម្មការិនី ប្រមាណ​៣,០០០នាក់ ដោយឥតគិតថ្លៃ ដែលរស់នៅ​ក្នុងសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលប្រព្រឹត្ដទៅក្នុងបរិវេណវិហារធំ គីឡូម៉ែត្រលេខ៩។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នួន ផារ័ត្ន អភិបាលរង​រាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។

ការចុះពិនិត្យព្យាបាលនេះ ដឹកនាំដោយ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ តំណាងឲ្យលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្ដិយស​សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក រួមទាំងប្រធានក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន និងសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។

លោក ហេង សុខគង់ បានថ្លែងថា «នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារយើង បានចុះមកព្យាបាលប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ពោលគឺ ក្រុមការងារយើងខ្ញុំ បានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយគិតថ្លៃ​នៅតាមបណ្ដាទីតាំងផ្សេងទៀត ដោយយើងមាននូវគ្រូពេទ្យដែលមានជំនាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋយើង ឲ្យមានប្រសិទ្ធភាពខ្ពស់ និងយកសេវាព្យាបាលមួយនេះ មកឲ្យកៀកផ្ទះពូកគាត់តែម្ដង ក្នុងការផ្ដល់ភាពងាយស្រួលដល់ពួកគាត់»។

លោក នួន ផារ័ត្ន បញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរ​សាលារាជធានីភ្នំពេញ មិនត្រឹមតែបានគិតគូរពីហេដ្ឋារចនាសម្ព័ន្ធទីក្រុងប៉ុណ្ណោះទេ គឺតែងតែបានយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ យ៉ាងណាមិញ ការចូលរួមរបស់យុវជន​ ដែលជាវេជ្ជបណ្ឌិតនៅថ្ងៃនេះ ជាការចូលរួមបំពេញបន្ថែមចំណុចខ្វះខាត របស់សង្គមជាតិ​។

​ជាមួយគ្នានោះ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា នេះដូចជាពេទ្យចល័តមួយ លើកមកព្យាបាលនៅទីនេះដោយឥតគិតថ្លៃ ដែលអាចជួយសម្រាលជីវៈភាព បងប្អូនបានមួយកម្រិត ចំណែក​គុណភាពនៃការព្យាបាល គឺមិនខុសពីការព្យាបាលនៅតាមមន្ទីរពេទ្យនានាទេ ព្រោះគ្រូពេទ្យដែលអញ្ចើញមកនេះ សុទ្ធតែជំនាញៗ និងជាគ្រូពេទ្យដែលមានបទពិសោធន៍ច្រើនឆ្នាំ ប្រចាំការនៅតាមមន្ទីរពេទ្យនានាផងដែរ។

លោកបន្តថា ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ មានប្អូនខ្មែរឥស្លាមរស់នៅច្រើន ក្រោមការដឹកនាំប្រកបដោយភាពត្រឹមត្រូវ​ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ​ ដោយគ្រប់ជាតិសាស្ត្រ គ្រប់សាសនាទាំងអស់ រស់នៅជាមួយគ្នាដោយគ្មានការរើសអើង។

លោក អូស្មាន់ ហាស្សាន់ ​បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យស្រលាញ់សុខភាពជាកត្ដាចម្បង គឺត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះវាមានតម្លៃណាស់ ទោះយើងធ្វើអ្វីក៏ដោយបើសុខភាព យើងចុះខ្សោយ ធ្វើអ្វីក៏មិនបានល្អ និងច្រើនដែរ។

បើតាមការឲ្យដឹងពី លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ​ការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ រៀបចំឡើងដោយយោងតាម អនុសារណៈយោគយល់គ្នា រវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក​ ហើយក្រុមការងារយើងទាំងពីរ បានរៀបចំកម្មវិធីចំនួន​៥លើក​មកហើយ ដែលលើកទី១ នៅខណ្ឌដង្កោ មានពលរដ្ឋយើងជាង ​៥,០០០នាក់, លើកទី២ នៅខណ្ឌពោធិ៍សែនជ័យ ចំនួន​៦,២១១នាក់, លើកទី៣ នៅខណ្ឌមានជ័យ ប្រមាណ​៥,០០០នាក់, លើកទី៤ នៅខណ្ឌចំការមន ប្រមាណ ៦០០០នាក់, លើកទី៥ នៅខណ្ឌសែនសុខ ជាង​៣,០០០នាក់ និង​ថ្ងៃនេះជាលើកទី៦ ប្រមាណ​៣,០០០នាក់​។

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីម ហ៊ុនម៉ានី ដែលជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការចុះជួយពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ ខ្វះលទ្ធភាពនៅតាមជនបទ គ្រប់២៥ខេត្ដ-ក្រុងដោយឥតគិតថ្លៃ ហើយនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីព្យាបាលជូនប្រជាពលរដ្ឋ​​គ្រប់ពេល និងគ្រប់ទីកន្លែង៕