(សៀមរាប)៖ នាចុងសប្តាហ៍ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប បានបន្ដ​បំពេញបេសកកម្ម​​​​ ក្នុងការត្រួតពិនិត្យពីវឌ្ឍនភាព​លើវិស័យអប់រំសិក្សា នៅ​ក្នុងមូលដ្ឋានឃុំ​ខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលអមដំណើរដោយ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុមប្រឹក្សាស្រុកផងដែរ​។

មានមតិសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាសំរោងខ្នារ​ពោធិ៍ នាឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការរំលឹកផងដែរថា នាសម័យសង្រ្គាមរវាង​កម្លាំង ទាហានរាជរដ្ឋាភិបាល និង​ក្រុមឧទាមខ្មែរក្រហម ភូមិសាស្ត្រឃុំខ្នារពោធិ៍នេះ ជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក​ តែ​ក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល​ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន​ធ្វើ ឲ្យតំបន់សមរភូមិនេះ ប្រែក្លាយជាតំបន់អភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច និង​បណ្តុះបណ្តាលធនធានមនុស្ស​។

អភិបាលខេត្ត​បានបញ្ជាក់ទៀតថា ដោយកត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់​ស្តែង​ដូចជាអគារដែលបានកំពុងសាងសង់ នៅក្នុងសាលាបឋមសិក្សាសំរោងខ្នារពោធិ៍នេះ ក៏កើតចេញពីការខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត និង​គណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកនូវដៃគូ និង​ម្ចាស់ជំនួយ ក្នុងការកសាងអគារសិក្សានេះឡើង​។

ម៉្យាងទៀត អគារសិក្សាមួយខ្នងនេះ ក៏ជាអំណោយដ៏សប្បុរស​ធម៌ របស់សមាគមពាណិជ្ជកម្មចិន ប្រចាំនៅកម្ពុជា ដែលបានផ្តល់តាមរយៈលោកស្រី គួយ ណាលីន ឃឹម ប៊ុន​សុង ដើម្បីធ្វើការសាងសង់ជូនដល់កូនចៅ ប្រជាពលរដ្ឋនៅក្នុងភូមិសំរាងខ្នារពិធិ៍នេះ​។

លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍នៅថ្នាក់​មូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ​ ​ម៉្យាងទៀតក៏ជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយនូវ អត្រាបោះបង់ចោលការសិក្សា របស់សិស្សដែលមានជីវភាពក្រីក្រ ក្នុងការបង្កើននូវ​ចំណេះដឹងដល់ពួក​គេ នៅថ្នាក់មូលដ្ឋាន សំខាន់ចំពោះសិស្សស្រី ហើយក៏ជាការបង្ខិត នៃការសិក្សាឲ្យកាន់តែនៅ​ជិតប្រជាពលរដ្ឋ ក្នុង​ការងាយស្រួល និង​មិនមានការបារម្ភ របស់ឪពុកម្តាយ ពេលកូនធ្វើដំណើរមកសិក្សាទៀតផង​។

ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្តសៀមរាប ​បានធ្វើការណែនាំ ដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋក្នុងមូល​ដ្ឋាន ត្រូវចូលរួមក្នុងការថែ​រក្សាសមទ្ធិផលនេះ ព្រមទាំងជម្រុញដល់កូន​ ចៅ របស់ខ្លួនឲ្យបានចូលសិក្សារៀនសូត្រ ពេលនេះ​មានអគារ​សិក្សាដ៏ល្អស្រស់ ក៏ប៉ុន្តែនៅពុំទាន់បានបំពេញ ទៅតាមតម្រូវការរបស់កូនៗ ចៅៗនៅឡើយ គឺទីធ្លាសម្រាប់លេង​កីឡា និង​សួនច្បារដំណាំជាដើម​។

ក្នុងនោះសន្យាថា លោក​នឹងបន្តធ្វើការស្វែងរកសប្បុរស​ជនក្នុង និង​ក្រៅ​ស្រុក ដើម្បីឧបត្ថម្ភដល់សាលារៀនមួយនេះផងដែរ​។

លោក ​បាននាំយកនូវសម្ភារៈសិក្សា និងថវិកា​មួយចំនួន ចែកជូនពលរដ្ឋសរុប ២៥០​នាក់ ក្នុងនោះលោកគ្រូ អ្នកគ្រូ ២៥​នាក់ និងបងប្អូន ប្រជាពលរដ្ឋ​៥០ ដោយម្នាក់ៗ ថវិកា​២​ម៉ឺនរៀល និង​សិស្សានុសិស្ស​១៧៥​នាក់ ម្នាក់ៗ​សៀវភៅ ២​ក្បាល ប៊ិច​២​ដើម ខ្មៅដៃ​២​ដើម បន្ទាត់​១ និងថវិកា​៥,០០០ពាន់រៀល៕