(ភ្នំពេញ)៖ នៅម៉ោង៣៖៤៥នាទីរសៀលថ្ងៃសៅរ៍នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុភូមិវិញ ក្រោយចរចាទទួលបានជោគជ័យដ៏ធំធេង ជុំវិញការដោះស្រាយបញ្ហាព្រំដែនដ៏ក្តៅកគុកជាមួយ លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ។

ក្នុងជំនួបដោះស្រាយនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែន នឹងខេត្តអាតាពើ របស់ប្រទេសឡាវ។

ក្រោយពីការជួបជជែកគ្នា ជាមួយនាយករដ្ឋមន្រ្តីឡាវ សម្តេចតេជោ បានជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋ ឡាវ បន្ទាប់មកទៀតសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម ពិធីពិសារអាហារថ្ងៃត្រង់ ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីឡាវផងដែរ។

គួរបញ្ជាក់ថា គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់, លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការ, លោក ស្រ៊ី ថាមរ៉ុង, លោក កៅ គីមហួន និងសមាជិកជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា៕