(កណ្ដាល)៖ លោកស្រី ឃួន សុដារី ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលអង្គប្រជុំ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីប្រជុំពង្រឹងសមត្ថភាពការងារ ដល់មន្ដ្រីមូលដ្ឋានស្រុកលើកដែក ដើម្បីឈានទៅរកជ័យជំនះ ជូនបក្សនៅឆ្នាំ២០១៨ ខាងមុខនេះ។

លោកស្រី បានថ្លែងជាច្រើនចំណុចសំខាន់ៗ ទៅកាន់មន្ដ្រីមូលដ្ឋានរបស់ខ្លួនថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីមន្ត្រីគណបក្សមូលដ្ឋាន យល់ដឹងកា​ន់តែច្បាស់ ដើម្បីរួមគ្នាវិភាគសភាពការណ៍ ឈានទៅបំពេញភារកិច្ច នាំជ័យជំនះ ជូនបក្សនៅឆ្នាំ២០១៨ ខាងមុខនេះ រួមមានដូចជា៖

* កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង នៅតែជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតសម្រាប់គណបក្សយើង ព្រោះជាកត្តានាំមកនូវជ័យជំនះ

* មន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវបន្តចុះជាប់ជាមួយប្រជាជន និងសមាជិកបក្សយើង អនុវត្តការចិញ្ចឹមចលនា ជួយក្តាប់សតិអារម្មណ៍នយោបាយ និងជួយដោះស្រាយសម្រាលការលំបាករបស់ពួកគាត់ តាមលទ្ធភាពជាក់ស្តែង

* បន្តអនុវត្តយន្តការរក្សាចាស់ ពង្រីកថ្មី ស្របតាមទិសស្លោក «ផ្អែកលើបរិមាណ និងគុណភាពសមាជិកបក្ស ព្រមទាំងអំពើល្អរបស់មន្ត្រីបក្ស ដើម្បីរក្សាប្រៀបឈ្នះ» និង«សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក»

* យកចិត្តទុកដាក់ខ្លាំងចំពោះកម្លាំងយុវជន ដែលជាកម្លាំងប្រកបដោយសក្តានុពល និងជាកម្លាំងស្នូលរបស់បក្ស តាមរយៈការជួយឧបត្ថម្ភគាំទ្រ ការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់យុវន ចូលរួមគ្រប់សកម្មភាពរបស់បក្ស ឈានទៅក្លាយខ្លួនជាអ្នកបន្តវេន។

លើសពីនោះទៀត លោកស្រីបានថ្លែងថា ត្រូវខិតខំធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ឲ្យស្របតាមស្ថានភាពថ្មីនៃនយោបាយ ប៉ុន្តែត្រូវគិតគូរ អំពីប្រៀបឈ្នះ លើសមរភូមិបោះឆ្នោតខាងមុខ និងពិនិត្យកម្លាំងយុវជន ដែលគ្រប់អាយុបោះឆ្នោតឆ្នាំ២០១៨ ដើម្បីបញ្ចូលជាសមាជិកបក្ស និងជម្រុញឲ្យទៅចុះឈ្មោះបោះឆ្នោត ក្នុងខែកញ្ញានេះ៕