(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ដែលជាក្រុមលួចម៉ូតូ ត្រូវបានកម្លាំងនគរបាលការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន ពេលកំពុងយកម៉ូតូដែលលួចបានទៅលក់ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧​ នៅចំណុចសួនច្បារផ្លូវ២៤ម៉ោង សួនឧស្សាហកម្មវឌ្ឍនៈ ភូមិត្រពាំងថ្លឹង ខណ្ឌពោធិសែនជ័យ​។

លោក ប៉ុល និលឯក នាយការិយាល័យស៊ើបការណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh Newsថា ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក តាមស្រាវជ្រាវ រហូតបង្ក្រាបជាក់ស្តែងតែម្តង។ ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ ពិន ឌឿន ​ឆ្នាំ៣៦ឆ្នាំ, ទី២៖ឈ្មោះ ព្រីង ពិសិដ្ឋ ឆ្នាំ១៧ឆ្នាំ និងទី៖ឈ្មោះ ហ៊ុន ប៊ុនសុជាតិ អាយុ៣១ឆ្នាំ។

លោកបានបន្តថា ចំណែកឈ្មោះ ពិន ឌឿន នេះមិនរៀងចាលសោះ ព្រោះខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃសម្តង ហើយរយៈពេលជាង១ឆ្នាំ ទើបតែពេញពីពន្ធនាគារថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ហើយ​មកធ្វើសកម្មភាពលួចទៀត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ត្រូវសមត្ថកិច្ចចាប់បានតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកំពុងសួរនាំដើម្បី ចាត់ការបន្តទៀតតាមច្បាប់៕