(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត នាយរងការិយាល័យ ទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ រួមជាមួយក្រុមការងារ អង្គភាព ស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចទី១១ ខែសីហា ឆ្នាំ២០១៧ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកអនុសេនីយ៍ទោ អន វណ្ណា សមាជិក អង្គភាព ស្រាវជ្រាវព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានឱ្យដឹងថា ថវិកាមូលនិធិដែលបានយកទៅនេះមានចំនួនប្រមាណ៣៨លានរៀល ដែលបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត របស់ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកាចំនួន៥លានរៀល គឺជាថវិកាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលនាយឧត្តមសេនីយ៍ តែងតែបរិច្ចាកចូលរួមរំលែកទុក្ខ ដល់គ្រួសារសពរបស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។

លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានបន្តឱ្យដឹងទៀតថា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះ ធ្វើទៅឡើងក្រោមការជំរុញ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលលោកទាំងពីរ តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខរបស់បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ៕