(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះតទៅ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រផ្សេងៗ​ នេះបើយោងតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

​បើតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដែលបង្ហាញនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧តទៅ ដើម្បីទទួលជួបសំណេះសំណាល និងសួរសុខទុក្ខ កម្ម​ករ និយោជិក នៅតាមបណ្ដារោងចក្រ​ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការនានា»

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅព្រឹកមិញនេះ បានប្រកាសថា សម្ដេច នឹង​ចុះទៅតាមបណ្ដារោចក្រដើម្បីស្វែងយល់បន្ថែម នូវស្ថានការណ៍ និងជីវភាពរបស់​កម្មករ កម្មការិនី, នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និទ្ធរវាងសម្ដេច និងកម្មករ​បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕