(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ បានដាក់លិខិតជាផ្លូវការលាលែងចេញពី តំណែងប្រធានគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែសីហានេះ លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា មូលហេតុដែលលោកលាឈប់ពី ប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដោយសារតែប្រជាពលរដ្ឋអស់ជំនឿចិត្តលើរូបលោក ក្រោយពេលដែលលទ្ធផលបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ គណបក្សនេះមិនទទួលបានការគាំទ្រសូម្បីតែ១កៅអី។

លោក ម៉ម សូណង់ដូ បន្តថា ក្រៅពីមូលហេតុប្រជាពលរដ្ឋអស់ជំនឿចិត្តលើរូបលោក ហើយនោះ កត្តាថវិកាក៏ជារឿងមួយទៀត ដោយសារការធ្វើនយោបាយ ត្រូវការថវិកាច្រើន ដូចនេះលោកគ្មានលទ្ធភាពក្នុងការបន្តធ្វើនយោបាយ ក្នុងគណបក្សមួយនេះបន្តទៀតនោះទេ។

លោក ម៉ម សូណង់ដូ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយដឹងលទ្ធផលគណបក្សមិនបានជាប់មេឃុំមួយផងបន្ត ទៅមុខទៀតម៉េចកើត ខ្ញុំធ្វើមិនចង់បានកៅអីឯណា តែចង់ធ្វើជាជំហរកណ្តាលមួយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កុំឲ្យមានការកាប់ចាក់គ្នា។ ខ្ញុំធ្វើដើម្បីប្រជាពលរដ្ឋ ហើយដល់ពេល ប្រជាពលរដ្ឋមិនគាំទ្រខ្ញុំ ខ្ញុំបន្តទៅទៀតបានការអី»។

អ្នកនយោបាយរូបនេះ បានលើកឡើងថា ទោះបីជារូបលោក បានលាលែងពីប្រធានគណបក្សក៏ដោយ ប៉ុន្តែលោកនៅតែធ្វើជាអ្នកនយោបាយ តែការធ្វើនយោបាយ របស់លោក គឺមិនមែនដើម្បីបានកៅអីនោះទេ តែដើម្បីជួយខ្មែរ និងខ្មែរ មិនឲ្យឈ្លោះប្រកែកគ្នា។

យោងតាមលិខិតលាផ្លូវការរបស់លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា លោកសម្រេចលាលែងពីតួនាទី ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយលោកទុកពេលវេលាមួយខែ ដើម្បីផ្ដល់ជូនសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍រកដោះស្រាយ តាមនីតិវិធីច្បាប់ ស្របទៅតាមលក្ខនិ្ដកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។

ជាការកត់សំគាល់ ប៉ុន្មានថ្ងៃមកនេះ មានប្រធានគណបក្សនយោបាយចំនួន៣រូបហើយ ដែលមានព័ត៌មាន លេច ឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមាន លោក ញ៉ឹក ប៉ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កំពុងជាប់ចោទពីបទ ផលិតគ្រឿងញៀន និង លោក ម៉ម សូណង់ដូ ប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចេញមុខ មកលាលែងពីដំណែង ខណៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កំពុងបើកយុទ្ធនាការ រៃអង្គាសថវិកា ជួយកសាងចេតិយ របស់លោក បណ្ឌិត កែម ឡី នៅតាមបណ្តាខេត្ត៕