(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរសាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ អ៊ី​ ថាវរៈ សម្រេចឃុំខ្លួនគ្រូជនជាតិបរទេស នៅសាលាអន្ដរជាតិ ​GOLDEN BRIDGE​ ពី​បទ​ប្រទូស្ត​កេរ្តិ៍​ខ្មាស​មាន​ស្ថាន​ទម្ងន់, នេះបើតាមមន្ដ្រីតុលាការបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិច។​

គួរ​បញ្ជាក់​ថា​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ម្សិលមិញ សម្រេច​ចោទប្រកាន់​​គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ពី​បទ​ប្រទូស្ត​កេរ្តិ៍​ខ្មាស​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ តាម​មាត្រា​២៤៦និង​មាត្រា​២៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បទល្មើស​ប្រទូស្ត​កេរ្តិ៍​ខ្មាស​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។

ជាមួយគ្នានេះ សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Daily Mail ក៏បានចេញផ្សាយថែមទាំងបង្ហាញរូបថតរបស់ជនបរទេសរូបនេះផងដែរ។

សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។

មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។

ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ​Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ ដើម្បីធ្វើការដោះស្រាយប៉ុណ្ណោះ៕