(ភ្នំពេញ)៖ បន្ទាប់ពីការផ្សាយវីដេអូ​របស់ទូរទស្សន៍​អាមេរិក២ធំៗ គឺទូរទស្សន៍ CNN ​និងទូរទស្សន៍ ABC News ដែលដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជា ត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» បានធ្វើឲ្យមន្រ្តីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានសម្តែងប្រតិកម្មខ្លាំងៗជុំវិញការផ្សាយនេះ, ចំណែកសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន បានធ្វើសន្និសិទកាសែត នាព្រឹកថ្ងៃនេះបានប្រតិកម្មធ្ងន់ៗទៅចំពោះ ទូរទស្សន៍របស់អាមេរិកទាំង២នេះ ដោយលោកអះអាងថា ការផ្សាយនេះជាការប្រមាថខ្លាំងណាស់ ដល់កិត្តិយសស្ដ្រីកម្ពុជា។

ថ្លែងក្នុងសន្និសិទកាសែតនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណៈ ថ្លែងយ៉ាងដូច្នេះថា «ការផ្សាយនេះវាបំភ្លៃ ជាការមួលបង្កាច់ ដោយអសីលធម៌ និងអយុត្តិធម៌ចំពោះប្រជាជាតិមួយ...ហើយយើងមិនអាចលក់កិតិ្តយស និងកិត្យានុភាពនៃប្រទេសមួយនៅក្នុងបំណងទុច្ចរិតបាននោះទេ ហើយកិច្ចការរបស់ CNN ដែលធ្វើការនេះដោយសារការនៅពីក្រោយនៃ អង្គការ AIM»

ប្រធានវ័យក្មេង នៃសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា អះអាងថា ទូរទស្សន៍ធំៗ២នេះ មិនគួរណាផ្សាយបំភ្លៃនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន កម្ពុជា ដែលជាប្រជាជាតិមួយ គោរពលើកតម្កើងតម្លៃស្ដ្រី ជាប្រជាជាតិដែលមានស្នាមញញឹមស្រស់ស្រាយរាក់ទាក់ និងជាប្រទេសមួយដែលជាគោលដៅ ទេសចរណ៍វប្បធម៌ ហើយវីដេអូនេះមានកំហុសឆ្គងដោយសារការបកស្រាយមិនត្រឹមត្រូវ ដែលអាចនាំឲ្យមានផលប៉ះពាល់កិត្តិនាមកម្ពុជា នៅលើពិភពលោក។

លោក ហ៊ុយ វណ្ណៈ បានបន្ដអះអាងថា ទីតាំងដែលទូរទស្សន៍របស់អាមេរិកទាំង២ មកថត និងផ្សព្វផ្សាយចេញទៅដោយនិយាយថា កំពុងតែមានសកម្មភាពជួញ ដូរមនុស្ស បម្រើសេវាផ្លូវភេទនោះ (តំបន់ស្វាយប៉ាក) គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយូរណាស់ហើយ ពោលមិនមានទីតាំងទាំងអស់នោះនៅកម្ពុជាទៀត​ទេ។

មួយវិញទៀតលោក ហ៊ុយ វណ្ណៈ បានទាញចំណាប់អារម្មណ៍ដោយបង្ហាញពីភាពជាក់ស្ដែងយ៉ាងច្បាស់ថា CNN កំពុងតែបំពុលពិភពលោក និងបង្ខូចកិត្តិនាមកម្ពុជា ដោយបណ្តាញព័ត៌មាន CNN ថា ស្ដ្រីនោះជាស្ដ្រីកម្ពុជា ប៉ុន្ដែនៅពេលដែលសម្ភាសន៍នោះ ស្ដ្រីដែលអះអាងថា ត្រូវបានលក់ឲ្យបម្រើផ្លូវភេទមិនមែនជាកម្ពុជាឡើយ ដោយស្ដ្រីនោះជាជនជាតិវៀតណាមទៅវិញ។

ក្រោយពី CNN បង្ហោះផ្សាយជាសាធារណៈនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន​ និងផ្សាយលើកញ្ចក់ទូរទស្សន៍នោះ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតផ្លូវការមួយភ្លាមផ្ញើទៅទូរទស្សន៍​ CNN ដោយឲ្យពិនិត្យឡើងវិញថា នៅកម្ពុជាបច្ចុប្បន្ន​មិនមានករណីនេះនោះទេ ហើយការផ្សាយនេះជាការបង្ខូចកិត្តិយសស្រ្តីកម្ពុជា។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ដែរថា ក្រោយផ្ញើលិខិតផ្លូវការនោះតាមរយៈអ៉ីម៉ែលទៅស្ថាប័នទូរទស្សន៍ CNN បានធ្វើការឆ្លើយតបថា គេបានទទួលលិខិត នោះហើយ ដោយនិយាយមកវិញថា នឹងយកករណីនេះទៅប្រជុំជាមួយគណៈនិពន្ធនាយក។ ប៉ុន្ដែទូរទស្សន៍ ABC News មិនទាន់ឆ្លើយតបវិញទេ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

​មួយវិញទៀត បន្ទាប់ពី CNN បានបង្ហោះវីដេអូនេះលើ Facebook ស្រាប់តែមានការប្រតិកម្មយ៉ាងខ្លាំងផងដែរ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់ បណ្ដាញសង្គម ចំពោះចំណងជើងថា «ក្មេងស្រីកម្ពុជា ត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ / The Cambodian girl sold for sex by their mothers» ហើយបន្ទាប់ពីនោះ CNN បានធ្វើការប្ដូរចំណងជើងវិញភ្លាម ដោយលុបពាក្យថា «កម្ពុជា» ដោយដាក់ថា «ក្មេងស្រីត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ / The girls sold for sex by their mothers»។ នេះបញ្ជាក់ថា CNN ខ្វះភាពទទួលខុសត្រូវ ហើយមានចេតនាបង្ខូចកិត្តិយសស្ដ្រីកម្ពុជា និងពលរដ្ឋកម្ពុជាទាំងមូល៕