(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំទៅអភិបាលខណ្ឌទាំង១២ ត្រូវទទួលទូរស័ព្ទពីប្រជាពលរដ្ឋ នៅពេលដែលពួកគេហៅចូល មិនត្រូវរើសអើងនោះទេ ដើម្បីចូលរួមដោះស្រាយបញ្ហាដែលកើតមានចំពោះពួកគាត់។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ខ្ញុំសូមផ្តាំផ្ញើថា ធ្វើជាមន្រ្តីសាធារណៈ កុំរើសអើងចំពោះការហៅចូលទូរស័ព្ទពីប្រជាពលរដ្ឋនេះជា ចំណុចសំខាន់ណាស់ បើអត់ព័ត៌មាននេះ បើទោះជាសាមគ្គីមក តែអត់មានព័ត៌មាន មិនដឹងទៅធ្វើអីបានទេ ពីព្រោះអត់ទទួលបានអ្វី ថ្មីសោះ អត់ទទួលបានពាក្យបណ្តឹង ទូរស័ព្ទសុទ្ធតែមើលលេខ ឃើញលេខអត់ល្អ អត់លើក នេះជាចំណុចមួយដែលត្រូវតែលុបបំបាត់ៗ ធ្វើជាមន្រ្តីសាធារណៈ ធ្វើអ្នកបម្រើរាស្រ្ត បើរាស្រ្តតេមិនលើកបម្រើតាមរបៀបមិច ចឹងទេសូមខណ្ឌទាំង១២ មិនថាតែអភិបាលខណ្ឌ ថ្មីនេះទេ ត្រូវកែចំពោះបញ្ហានេះទាំងអស់គ្នា»

ការថ្លែងណែនាំដល់មន្រ្តីរបស់ខ្លួនខាងលើនេះ​ បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងលោក ចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ ជំនួសលោក អ៊ាង ស៊ីផាន ដែលត្រូវចាត់ឲ្យទៅប្រើការងារនៅសាលារាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះលោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ក្នុងពេលបន្តិចទៀត​សាលារាជធានីភ្នំពេញ នឹងបង្កើតនូវ Hotline មួយ ដើម្បីទទួលពាក្យបណ្តឹងចាំបាច់ចំពោះមុខដែលកើតឡើងជាប្រចាំ នៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងទទួលយកទៅចាត់ការឲ្យទាន់ពេលវេលា​។

លោកអភិបាល ក៏បានសំណូមពរដល់អាជ្ញាធរខណ្ឌទាំង១២ សង្កាត់ទាំង១០៥ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលប្រមុខរាជរដ្ឋាភិបាលចង់បានបម្រើរាស្រ្តដោយស្មោះត្រង់៕