(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្ត ប្រឈមនឹងបញ្ហាទឹកជំនន់ តាមតំបន់ជាប់មាត់ស្ទឹង និងសមុទ្រជាដើម។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook របស់សម្តេចថា ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញ នៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេ ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។

សម្តេចតេជោ បានបញ្ជាក់ទៀតថា តាមការប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជា ទាំងមូលមានការកើនឡើង។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថា ហេតុណាមួយកើតឡើង។ សូមកុំបណ្តោយកូនចៅ ទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។

សម្តេចតេជោ បានជំរុញដល់មន្ត្រីរាជរដ្ឋាភិបាល យ៉ាងដូច្នេះថា «សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹង ដងស្ទឹង និង សមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត»