(ភ្នំពេញ)៖ លោក កែម រិទ្ធិសិត ប្អូនប្រុសរបស់ លោក កែម ឡី និងក្រុមគ្រួសារ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្តែងការប្រតិកម្មធ្ងន់ៗ និងឈឺចាប់ យ៉ាងខ្លាំងចំពោះសង្ឃដីកា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដែលបានលើកឡើងថា ការទទួលលុយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាការសម្លាប់កិត្តិយសលោកបណ្ឌិត កែម ឡី ហើយថា ទង្វើនេះគឺធ្ងន់ធ្ងរជាងទង្វើសម្លាប់លោក កែម ឡី ទៅទៀត។

ប្រតិកម្មរបស់លោក កែម រិទ្ធិសិត បានធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ប៊ុន ប៊ុនតិញ បានផ្តល់បទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលបានវាយប្រហារទៅលើលោក និងក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ជុំវិញការទទួលថវិកាចំនួន៦ម៉ឺនដុល្លារពី សម្តេចតេជោ ហ៊ុន សែន ដើម្បីសងថ្លៃបបរ និងសាងសង់ចេតិយ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា៖ «អ្នកសម្លាប់ លោកបណ្ឌិត កែម ឡី វាអាក្រក់មួយទៀតហើយ ប៉ុន្តែការស្លាប់របស់លោកបណ្ឌិត កែម ឡី បាននាំមកនូវការផ្លាស់ប្តូរច្រើន ប៉ុន្តែរឿងអាក្រក់ចុងក្រោយគេនេះ គឺអ្នកសម្លាប់កិត្តិយស។ អ្នកសម្លាប់អាយុជីវិត វាអាក្រក់មួយទៅហើយ ប៉ុន្តែអ្នកសម្លាប់កិត្តិយស លោកបណ្ឌិត កែម ឡី ដែលត្រូវមានន័យសម្រាប់ជាតិនេះ អាក្រក់ធំជាងការសម្លាប់ជីវិត លោកបណ្ឌិត កែម ឡី ទៅទៀត»

លោក កែម រិទ្ធិសិត បានចាត់ទុកសង្ឃដីការរបស់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់រូបលោក និងក្រុមគ្រួសារ ហើយជាសម្តីមួយ ដែលមិនអាចទទួលយកបានឡើយ។ លោកបានបញ្ជាក់ថា៖ «រឿងសម្លាប់កិត្តិយស៖ «រឿងលោកចោទមកយើងថា យើងអ្នកទទួលលុយបុណ្យលុយអីហ្នឹង គឺធ្ងន់ជាអ្នកសម្លាប់ទៀត អាហ្នឹង គឺខុសធ្ងន់ណាស់»

លោក កែម រិទ្ធិសិត បានបន្ថែមថា «យើងមានការឈឺចាប់ ចំពោះការដែលព្រះតេគុណប្រមាថដល់ក្រុមគ្រួសារថាយើងនេះ យើងធ្វើនេះ ដូចជាធ្ងន់ជាឃាតកទៅ ទៀត។ យើងមានការឈឺចាប់កន្លែងហ្នឹង ! សូមព្រះអង្គពិចារណារម្តងទៀត ក្នុងការដែលស្តី ត្រូវមានក្រមសីលធម៌នៅក្នុងខ្លួន យើងកុំចេះតែចោទប្រកាន់អញ្ចឹង ធ្វើឱ្យមហាជនលើពិភពលោក កាលណាតែឮពាក់នេះមក គេនាំគ្នាខឹងយើង»

ប្រតិកម្មទៅវិញទៅមករវាង ប្អូនប្រុសរបស់ លោក កែម ឡី និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ចាប់ផ្តើមឡើងក្រោយពេលបុណ្យខួប១ឆ្នាំ នៃការស្លាប់របស់ លោក កែម ឡី បានបញ្ចប់ជាមួយនឹងការជំពាក់ថ្លៃបបរជិត៨ពាន់ដុល្លារ ហើយក៏កើតឡើងបន្ទាប់ពីមានព័ត៌មានថា គ្រួសារមានការខ្វះខាតថវិកា ដើម្បីសាងសង់ចេតិយលោក កែម ឡី ផងដែរ។

ប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត បានអំពាវនាវស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីសងថ្លៃបបរបុណ្យ និងសាងសង់ចេតិយ៍ជូនលោកបណ្ឌិត កែម ឡី។ ក្រោយការអំពាវនាវនេះ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកា ចំនួន៦ម៉ឺនដុល្លារ ដោយក្នុងនោះ ១ម៉ឺនដុល្លារ ដើម្បីសងថ្លៃបបរ និង ៥ម៉ឺនដុល្លារដើម្បីឱ្យក្រុមគ្រួសារយកទៅសាងសង់ចេតិយ៍ជូនសពលោកបណ្ឌិត កែម ឡី។

ថវិកាទាំង៦ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូន ដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕