(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ឆ្នាំ (២០១៧-២០១៩) សំដៅបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់។

ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ក្រោមវត្តមានរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន គ.អ.ម.ក ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន២៤ និងតំណាងរាជធានី ខេត្តទាំង២៥ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់។

អង្គប្រជុំបានអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ឆ្នាំ (២០១៧-២០១៩) ដែលផែនការនេះនឹងត្រូវបោះពុម្ពផ្សព្វផ្សាយសម្រាប់ដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងគោលនយោបាយនេះ មានគោលបំណងចម្បងចំនួន៣ រួមមាន៖

១៖ បង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ និងមានគោលដៅចំនួន៣៖ ១៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ នៅក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។ ២៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ។ ៣៖ លើកកម្ពស់ការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ តាមរយៈការបង្កលក្ខណៈឱ្យមានការប្រែក្លាយកម្មករនិយោជិត និងអង្គភាពសេដ្ឋកិច្ចពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅ ក្នុងអំឡុងពេលនៃដំណើរការប្រែក្លាយនេះ។

២៖ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស មានគោលដៅចំនួន៣៖ ១៖ ពង្រឹង​ និងពង្រីកការអភិវឌ្ឍជំនាញទន់។ ២៖ ពង្រឹងគុណភាពឱ្យស្របតាមស្តង់ដាជាតិ អន្តរជាតិ និងក្របខណ្ឌអាស៊ាន និងលទ្ធភាពទទួលបានការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ៣៖ ធ្វើឱ្យប្រសើរឡើងនូវភាពឆ្លើយតបនៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារ។

៣៖ ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ មានគោលដៅចំនួន៦៖ ១៖ ពង្រឹងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៌មានទីផ្សារការងារ។ ២៖ ពង្រឹងប្រសិទ្ធភាពសេវាការងារ និងពង្រីកវិសាលភាព។ ៣៖ ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការការពារកម្មករនិយោជិត។ ៤៖ ធ្វើសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល។ ៥៖ សិក្សាឈានទៅបង្កើតសេវារបបនិកម្មភាព។ ៦៖ គ្រប់គ្រង និងការពារពលករទេសន្តរប្រវេសន៍ ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញ។

លោកដ្ឋមន្ត្រី អ៊ិត សំហេង បានដាក់អនុសាសន៍ឲ្យគ្រប់រាជធានី-ខេត្ត ត្រូវខិតខំរៀបចំផែនការសកម្មភាពសម្រាប់រយៈពេល៣ឆ្នាំដូចគ្នា ដើម្បីអនុវត្តគោលនយោបាយនៅថ្នាក់រាជធានី-ខេត្ត។

សូមបញ្ជាក់ថា គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥៕