(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋខ្មែ និងភ្ញៀវទេសចរណ៍ រងចាំទស្សនា បានមកដល់ហើយ ដោយនៅថ្ងៃទី០៥-០៦ខែសីហាខាងមុខនេះ នឹងមានការដាក់តាំងពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្ដាំ ស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ ម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការតាំងពិព័រណ៍នេះ ធ្វើឡើងដោយមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម សហការរៀបចំជាមួយនិងក្រុមហ៊ុន សិរីមង្គល និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមានការចូលរួម ឧបត្ថម្ភជាច្រើនទៀត ពីបណ្ដាក្រុមហ៊ុនឯកជន និងនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដើម្បីថែរក្សា លើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ទម្រង់អាពាហ៍ពិពារហ៍ សម្លៀកបំពាក់ប្រពៃណីជាតិ ជាមួយនឹងម្ហូបអាហារខ្មែរ ឲ្យកូនចៅជំនាន់ក្រោយៗបានដឹង ពិសេសបង្ហាញដល់ភ្ញៀវអន្ដរជាតិផងដែរ។

លោក ទេព សិដ្ឋាន់ណា អគ្គនាយករងក្រុមហ៊ុនសិរីមង្គល បានថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទី២ ពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្ដាំ ស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ ម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៧ នៅថ្ងៃទី២៦កក្កដានេះថា «ព្រឹត្ដិការណ៍អស្ចារ្យ នៃការតាំងពិព័រណ៍ បែបប្រពៃណីខ្មែរ ទាំងពិព័រណ៍អាពាហ៍ពិពាហ៍, ម៉ូតសម្លៀកបំពាក់ និងម្ហូបអាហារ នឹងដាក់បង្ហាញ នៅដើមខែសីហានេះ ក្រុមហ៊ុនរបស់យើងបានរៀបចំ ចំនួន៣លើកមកហើយ ដូច្នេះលើកទីនេះ យើងនឹងរៀបចំ ឲ្យកាន់តែអស្ចារ្យជាងមុនៗទៅទៀតធានាថាប្លែក គ្រប់ទម្រង់ទំាងអស់ ដោយលើកនេះ ទាំងស្ដង់ ទីតាំង និងការរៀបចំកម្មវិធីផ្សេងៗជាច្រើនទៀត ពីប្រពៃណីតាមខេត្ដនីមួយៗ នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរណ៍ សរសើរមិនដាច់ពីមាត់»

សូមចូលរួមឲ្យច្រើនកុះករទំាងអស់គ្នា ដើម្បីទទួលបាន នូវបទពិសោធន៍ដ៏ល្អប្រណិត នៃការតាំងពិព័រណ៍នៅឆ្នាំនេះ និងដើម្បីលើកកម្ពស់សម្បត្ដិវប្បធម៌ខ្មែរផងដែរ ៕